កាលពីពេលថ្មីៗនេះ ទស្សនាវដ្ដីល្បីឈ្មោះ Forbes បានបញ្ចេញនូវបញ្ជីឈ្មោះមហាសេដ្ឋីប្រចាំឆ្នាំ ២០២២ ដែលមាន Elon Musk ជាប់ឈ្មោះនៅកំពូលតារាងជាមហាសេដ្ឋីមានបំផុតលើលោក។

ក្រឡេកទៅមើលក្រុមមហាសេដ្ឋីរុស្ស៊ីឯណោះវិញ សម្រាប់ឆ្នាំ ២០២២ នេះគឺហាក់ដូចជាមិនមែនជាឆ្នាំរបស់ពួកគេឡើយ ពោលគឺបើធៀបទៅនឹងឆ្នាំមុន ទ្រព្យសម្បត្តិសរុបរបស់អ្នកមានរុស្ស៊ីពេលនេះគឺបាត់បង់អស់ ២៦៣ ពាន់លានដុល្លារ ស្របពេលចំនួនមហាសេដ្ឋីថយចុះយ៉ាងតិច ៣០ នាក់។

មូលហេតុចំបងមួយដែលធ្វើឲ្យក្រុមមហាសេដ្ឋីរុស្ស៊ីរបូតទ្រព្យសម្បត្តិ និងធ្លាក់ចេញពីបញ្ជីឈ្មោះអ្នកមានបំផុតមួយនេះ គឺដោយសាររុស្ស៊ីបានធ្វើការវាយប្រហារទៅលើអ៊ុយក្រែន ដែលបណ្ដាលឲ្យប្រទេសជាច្រើនលើលោកនាំគ្នាដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើមហាសេដ្ឋីរុស្ស៊ី ជាពិសេសគឺនៅតំបន់អឺរ៉ុប។

ក្នុងរយៈពេលតិចជាង ១ ឆ្នាំ មហាសេដ្ឋីដូចជា Leonid Mikhelson, Alexey Mordashov, Gennady Timchenko, និង Vagit Alekperov បានបាត់បង់ទ្រព្យសម្បត្តិអស់រាប់ពាន់លានដុល្លារ ដោយសារតែទណ្ឌកម្មសេដ្ឋកិច្ចដែលអឺរ៉ុប និងមហាអំណាចលោកខាងលិចបានដាក់មកលើពួកគេ៕
ប្រភព: washingtonexaminer