ប្រទេសស្រីលង្កាអាចនឹងលែងមានលទ្ធភាពផ្គត់ផ្គង់ប្រេងឥន្ធនៈនៅចុងខែនេះ ស្របពេលបច្ចុប្បន្ននៅជាប់បំណុលដែលត្រូវទូទាត់ជាមួយឥណ្ឌាដល់ទៅ ៥០០ លានដុល្លារ ខណៈទុនបម្រុងជាតិរបស់ពួកគេគឺមិនអាចរ៉ាប់រងបំណុលនេះបានឡើយ។
វិបត្តិសេដ្ឋកិច្ចដែលស្រីលង្កាកំពុងជួបប្រទះពេលនេះ គឺជាវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុតដែលពួកគេបានជួបប្រទះ បន្ទាប់ពីទទួលឯករាជ្យពីអង់គ្លេសនៅឆ្នាំ ១៩៤៨ ខណៈបច្ចុប្បន្នប្រជាជនរាប់ពាន់នាក់នាំគ្នាធ្វើបាតុកម្ម ដោយសារការកាត់ផ្ដាច់អគ្គិសនី កង្វះខាតប្រេង អាហារ និងវត្ថុប្រើប្រាស់ផ្សេងៗរយៈពេលយូរ។
បើតាមរបាយការណ៍ប្រកាសដោយរដ្ឋាភិបាលបានឲ្យដឹងថា កប៉ាល់ប្រេងដែលត្រូវនាំចូលមកប្រទេសស្រីលង្កាគឺ មានការយឺតយ៉ាវតាំងពីចុងខែមីនា ដោយសារបញ្ហាមួយចំនួន ហើយវាក៏បន្តសកម្មភាពបែបនេះតាំងពីថ្ងៃទី ០១ មេសាមក។
កប៉ាល់ប្រេង ៣ គ្រឿងទៀតនឹងធ្វើដំណើរមកដល់ស្រីលង្កានៅថ្ងៃទី ១៥ ១៨ និង ២៣ មេសា លុះត្រាតែរដ្ឋាភិបាលស្រីលង្កាអាចទូទាត់បំណុលដែលនៅសល់ពីលើកមុនមកសិន តែទោះយ៉ាងណា ទម្រាំតែកប៉ាល់ប្រេងមកដល់ តម្រូវការនៅប្រទេសគឺស្ថិតនៅសភាពប្រកាសអាសន្នទៅហើយ។
បញ្ជាក់ដែរថា ប្រេងឥន្ធនៈដើរតួយ៉ាងសំខាន់នៅស្រីលង្កា ដ្បិតយានជំនិះទាំងអស់គឺសុទ្ធតែត្រូវការប្រេងឥន្ធនៈដើម្បីដំណើរការ ខណៈប្រព័ន្ធអគ្គិសនីផ្គត់ផ្គង់ទូទាំងប្រទេសក៏ដំណើរការដោយប្រេងឥន្ធនៈផងដែរ។
ដោយសារតែកង្វះខាតប្រេងនេះហើយ បានបង្ខំឲ្យរដ្ឋាភិបាលសម្រេចចិត្តផ្ដាច់ចរន្តអគ្គិសនីរហូតដល់ច្រើនជាង ១០ ម៉ោងជារៀងរាល់ថ្ងៃ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការលំបាកក្នុងការរស់នៅជាខ្លាំង៕
ប្រភព: NDTV