កូនប្រុសច្បងរបស់អតីតតារាបាល់ទាត់ David Beckham គឺ Brooklyn Beckham បានកំពុងត្រៀមខ្លួនរួចរាល់ក្នុងការកសាងគ្រួសារថ្មីជាមួយនឹងសង្សារ Nicola ខណៈប្រភពព័ត៌មានមួយចំនួនអះអាងថា អាពាហ៍ពិពាហ៍របស់អ្នកទាំង ២ នឹងធ្វើឡើងនៅថ្ងៃទី ០៩ មេសានេះតែម្ដង ដោយមានភ្ញៀវចូលរួមប្រមាណ ៥០០ នាក់។

អនាគតកូនប្រសាររបស់ Beckham គឺជាកូនស្រីតែមួយគ្រាប់គត់របស់មហាសេដ្ឋី Nelson Peltz ខណៈបុរសម្នាក់នេះគឺជាអ្នកជំនួញអាមេរិកដែលមានទ្រព្យសម្បត្តិហូរហៀរ ទទួលបានងារជាមហាសេដ្ឋី។

ក្រឡេកទៅមើលប្រវត្តិស្នេហារបស់អ្នកទាំង ២ វិញ គឺបានទាក់ទងគ្នាតាំងពីឆ្នាំ ២០១៩ និងបានប្រកាសពីទំនាក់ទំនងឲ្យគ្រួសារទាំងសងខាងស្គាល់គ្នានៅខែកក្កដា ២០២០ និងរំលងបាន ១ ឆ្នាំពួកគេបានសម្រេចរស់នៅផ្ទះជាមួយគ្នានៅ Beverly Hills ដែលមានតម្លៃជាង ១០ លានដុល្លារ។

ក្រៅពីកើតមកលើគំនរទ្រព្យសម្បត្តិស្ដុកស្ដម្ភក្ដី តែ Nicola Peltz ក៏មានកេរ្តិ៍ឈ្មោះល្បីផងដែរ លើវិស័យសិល្បៈ ដោយនាងបានដើរតួសំខាន់ៗក្នុងរឿងដូចជា Transformers: Age of Extiction ជាដើម។

បញ្ជាក់ដែរថា អាពាហ៍ពិពាហ៍របស់គ្រួសារដ៏មានឥទ្ធិពលទាំងសងខាងនេះ នឹងធ្វើឡើងនៅ Palm Beach, Miami រដ្ឋ Florida ដែលមានឌីជេល្បីឈ្មោះ Snoop Dog ជាអ្នកចាក់ចម្រៀងនៅក្នុងកម្មវិធីមួយនោះផងដែរ៕
ប្រភព: Bolnews