ក្រុមហ៊ុនវៀតណាម VinFast ត្រៀមស្នើសុំហិរញ្ញប្បទានពីរដ្ឋាភិបាលអាមេរិក ដើម្បីសង់រោងចក្រតម្លៃ ៤ ពាន់លានដុល្លាររបស់ខ្លួន

អន្តរជាតិ

ប្រធានក្រុមហ៊ុន Vingroup របស់វៀតណាម បាននិយាយថា ក្រុមហ៊ុនរថយន្ត VinFast របស់ខ្លួន នឹងស្វែងរកហិរញ្ញប្បទានពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីគាំទ្រ ដល់ការពង្រីកអាជីវកម្មរបស់ខ្លួន ជាមួយនឹងរោងចក្រថ្មី ដែលបានគ្រោងទុក នៅរដ្ឋ North Carolina ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង លោក Pham Nhat Vuong ប្រធានក្រុមហ៊ុន Vingroup បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ” វាក៏ជាជម្រើសមួយ ក្នុងចំណោមជម្រើសហិរញ្ញប្បទានរបស់យើងដែរ ប៉ុន្តែយើងត្រូវតែបញ្ជាក់ឱ្យពួកគេបានដឹងថា យើងមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ “​។

មិនតែប៉ុណ្ណោះ VinFast បាននិយាយនៅក្នុងសប្តាហ៍មុនថា ក្រុមហ៊ុនរថយន្តរបស់ខ្លួន ដែលបានចុះបញ្ជីនៅក្នុងប្រទេសសិង្ហបុរី បានដាក់ពាក្យស្នើសុំបោះផ្សាយលក់មូលបត្រជាសាធារណ: លើកដំបូង (IPO) ជាមួយនឹងនិយតករមូលត្រអាមេរិក ខណ:ពេលដែលក្រុមហ៊ុន បានត្រៀមខ្លួនរួចជាស្រេច ចំពោះការវិនិយោគ ចំនួន ៤ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រ នៅទឹកដីសហរដ្ឋអាមេរិក ។

គួរឱ្យដឹងថា VinFast ដែលបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនលើកដំបូង នៅឆ្នាំ ២០១៩ កំពុងតែបោះជំហានធំ នៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិក ខណ:វាជាកន្លែងមួយ ដែលធ្វើឱ្យក្រុមហ៊ុនវៀតណាមមួយនេះ មានសង្ឃឹមថានឹងអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តជើងចាស់ និងក្រុមហ៊ុនកំពុងចាប់ផ្តើមអាជីវកម្មថ្មីរបស់ពួកគេ ជាមួយនឹងរថយន្ត SUV អគ្គិសនី និងរថយន្តអគ្គិសនីផ្សេងទៀត ដែលមានតម្លៃទាប ។

បន្ថែមពីនេះ ក្រុមហ៊ុន VinFast បានសន្យាថានឹងបង្កើតការងារចំនួន ៧ ៥០០ កន្លែង នៅរោងចក្រថ្មីរបស់ខ្លួន ដែលបានគ្រោងទុកនៅរដ្ឋ North Carolina ស្របពេលក្រុមហ៊ុននេះ បាននិយាយទៀតថា ខ្លួនគ្រោងនឹងចាប់ផ្តើមសាងសង់រោងចក្រ ឱ្យបានឆាប់តាមដែលការអនុញ្ញាត ត្រូវបានផ្តល់ឱ្យ ជាមួយនឹងគោលដៅនៃការចាប់ផ្តើមផលិតកម្ម នៅឆ្នាំ ២០២៤ ៕

ប្រភព: CNA