សហភាព​អឺរ៉ុប​ទម្លាយ​ឲ្យ​ដឹង​ពី​ទំហំ​ទឹកប្រាក់​ដែល​បាន​បង្កក​ពី​ក្រុម​មហាសេដ្ឋី​រុស្ស៊ី

អន្តរជាតិ

បច្ចុប្បន្ន​ក្រុម​មហាសេដ្ឋី​រុស្ស៊ីកំពុង​មាន​ភាព​លំបាក​ខ្លាំង ដោយសារ​ត្រូវ​ទទួល​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ពី​មហាអំណាច​លោកខាងលិច និង​ប្រទេស​នៅ​សហភាព​អឺរ៉ុប ក៏ព្រោះតែ​ការ​ឈ្លានពាន​ដែល​រុស្ស៊ី​កំពុង​ធ្វើ​ទៅ​លើ​អ៊ុយក្រែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជា​លទ្ធផល សហភាព​អឺរ៉ុប​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​អ្នកជំនួញ​ធំៗ​ជនជាតិ​រុស្ស៊ី​ ដោយ​បាន​ធ្វើការ​ឃាត់​នាវា​ផ្ទាល់ខ្លួន និង​បង្ក​ជា​បញ្ហា​រាំងស្ទះ​ដល់​មុខជំនួញ​នានា​ក្នុង​លក្ខខណ្ឌ​ផ្សេងៗ។

ជាក់ស្ដែង ចក្រភព​អង់គ្លេស​បាន​បង្កក​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី Roman Abramovich និង​បាន​បង្អាក់​មិន​ឲ្យ​បុគ្គល​មាន​ទំនាក់ទំនង​ល្អជាមួយ​ប្រធានាធិបតី Vladimir Putin ក្នុង​ការ​លក់​ក្លឹប​បាល់ទាត់ Chelsea និង​ចង់​រឺបអូស​ភូមិគ្រឹះ​តម្លៃ​រាប់​លាន​ដុល្លារ​របស់​លោក​ទៀត​ផង។

ដោយឡែក បើ​គិត​មក​ទល់​នឹង​ថ្ងៃទី ០៨ មេសា​កន្លង​ទៅ ទ្រព្យសម្បត្តិ​របស់​ក្រុម​មហាសេដ្ឋី​រុស្ស៊ី​ដែល​បាន​ឃាត់ទុក​ដោយ​សហភាព​អឺរ៉ុប​គឺ​មាន​តម្លៃ​ដល់ទៅ​ជាង ៣០ ពាន់​លាន​ដុល្លារ​ឯណោះ ខណៈ​ទ្រព្យ​សម្បត្តិ​ទាំងនោះ​មាន​ដូចជា នាវា​ផ្ទាល់ខ្លួន យន្តហោះ​ផ្ទាល់ខ្លួន អចលនទ្រព្យ និង​គំនូរ​ថ្លៃៗ​ជាដើម។ នេះ​បើ​តាម​ការ​អះអាង​ពី​គណៈកម្មការ​សហភាព​អឺរ៉ុប។

“​ច្រើនជាង​ពាក់​កណ្ដាល​នៃ​ប្រទេស​ជា​សមាជិក​បាន​ទាក់ទង​មក​កាន់​គណៈកម្មការ​សហភាព​អឺរ៉ុប ដើម្បី​គណនា​ពី​ទំហំ​នៃ​តម្លៃ​របស់​ទ្រព្យសម្បត្តិ​ដែល​បាន​រឹបអូស​ពី​មហាសេដ្ឋី​រុស្ស៊ី ហើយ​វា​មាន​តម្លៃ​ ២៩,៥ ពាន់​លាន​អឺរ៉ូ (ជាង ៣០ ពាន់​លាន​ដុល្លារ​អាមេរិក)”។

“​ក្រៅពី​នោះ នៅ​មាន​ប្រតិបត្តិការ​ជួញដូរ​ច្រើនទៀត​ដែល​ត្រូវបាន​បង្កង​ទុក ដែល​គិត​ជា​លុយ​ប្រហែល ១៩៦ ពាន់​លាន​អឺរ៉ូ (​ប្រហែល​ជាង ២១០ ពាន់​លាន​ដុល្លារ​អាមេរិក)”។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សហភាព​អឺរ៉ុប៕

ប្រភព: Playcrazygame