កាលពីពេលកន្លងទៅ តុលាការនៅសហរដ្ឋអាមេរិកបានធ្វើការចោទប្រកាន់មហាសេដ្ឋីចិន Liu Zongtian អំពីករណីឆបោក និងក្លែងបន្លំការនាំចេញអាលុយមីញ៉ូម ក្នុងគោលបំណងគេចវេសការបង់ពន្ធគយ។

ហើយថ្មីៗនេះ តុលាការអាមេរិកក៏បានបង្គាប់បញ្ជាទៅកាន់ក្រុមហ៊ុន ៦ ផ្សេងទៀត ដែលបានជាប់ពាក់ព័ន្ធនឹងករណីមួយនេះ និងបានតម្រូវឲ្យពួកគេបង់ប្រាក់ពិន័យប្រមាណ ១,៨៣ ពាន់លានដុល្លារ។
ក្រុមហ៊ុនទាំង ៦ នោះរួមមាន Perfectus Aluminum Inc. ២ សាខា និងក្រុមហ៊ុន ៤ ផ្សេងទៀតដែលនៅភាគខាងជើងនៃរដ្ឋ California គឺជាកន្លែងផ្ទុកអាលុយមីញ៉ូមរបស់លោក Liu ហើយត្រូវបានតុលាការសម្រេចដាក់ទោសពីបទសមគំនិតក្នុងការក្លែងបន្លំការនាំចេញទំនិញមិនច្បាស់លាស់។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ក្រុមហ៊ុនទាំងនោះបានក្លែងបន្លំអាលុយមីញ៉ូមជាបន្ទះឈើ ដើម្បីជៀសវាងការបង់ពន្ធ នាំចេញទៅសហរដ្ឋអាមេរិក ហើយបន្ទាប់មកបានរៀបចំការលក់ក្លែងក្លាយ និងបានបំប៉ោងប្រាក់ចំណូលរបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសចិន ដើម្បីបោកបញ្ឆោតអ្នកវិនិយោគ។ ចៅក្រម R. Gary Klausner បានសម្រេចដាក់ទោសក្រុមហ៊ុនទាំងនោះមិនឲ្យធ្វើអាជីវកម្មរយៈពេល ៥ ឆ្នាំ។

បញ្ជាក់ដែរថា ក្រុមហ៊ុន China Zhongwang Holdings Ltd., ដែលមានលោក Liu ជាអតីតប្រធានក្រុមហ៊ុន គឺជាក្រុមហ៊ុនផលិតអាលុយមីញ៉ូមធំបំផុតនៅអាស៊ី ខណៈមហាសេដ្ឋីចិនម្នាក់នេះត្រូវបានតុលាការអាមេរិកកោះហៅតាំងពីឆ្នាំ ២០១៩ ដើម្បីធ្វើការចោទសួរ តែមកទល់នឹងពេលនេះលោកនៅមិនទាន់បានបង្ហាញមុខនៅតុលាការអាមេរិកនៅឡើយ៕
ប្រភព: Bnnbloomberg