យោងតាមអ្នកជំនាញ បាននិយាយថា ប្រទេសវៀតណាមគួរតែចាប់ផ្តើមគម្រោងថាមពលនុយក្លេអ៊ែរ របស់ខ្លួនឡើងវិញ នៅឆ្នាំ ២០៣០ ដើម្បីសម្រេចបាននូវគោលដៅគ្មានការបំភាយឧស្ម័នកាបូន ដែលខ្លួនបានបេ្តជ្ញាធ្វើឱ្យបាននៅត្រឹមឆ្នាំ ២០៥០ ។
ជាក់ស្តែង អតីតប្រធានវិទ្យាស្ថាន ថាមពលវៀតណាម លោក Nguyen Manh Hien បាននិយាយនៅឯវេទិកាថាមពលស្អាតវៀតណាម លើកទី ២ ថា ” ការចាប់ផ្តើមគម្រោងថាមពលនុយក្លេអ៊ែរឡើងវិញ នៅឆ្នាំ ២០៣០ គឺជាមធ្យោបាយតែមួយគត់ ដើម្បីសម្រេចបាននូវការប្តេជ្ញាចិត្តគ្មានការបំភាយកាបូនរបស់យើង នៅឆ្នាំ ២០៥០ ” ។
គួរឱ្យដឹងថា នៅក្នុងឆ្នាំ ២០០៩ រដ្ឋាភិបាលប្រទេសវៀតណាម ធ្លាប់បានប្រកាសអំពីផែនការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ចំនួនពីរ នៅក្នុងខេត្ត Ninh Thuan ដោយគ្រោងចំណាយអស់ថវិកាជាច្រើនពាន់លានដុល្លារ ប៉ុន្តែយ៉ាងណារដ្ឋសភាបានបដិសេធសំណើនេះវិញ នៅក្នុងឆ្នាំ ២០១៦ ដោយនិយាយថាប្រទេសជាតិ មិនអាចមានលទ្ធភាពគ្រប់គ្រាន់នោះទេ ។
បន្ថែមពីនេះ លោក Tran Chi Thanh ប្រធានវិទ្យាស្ថានថាមពលអាតូមិកវៀតណាម បាននិយាយថា គម្រោងថាមពលនុយក្លេអ៊ែរ ត្រូវតែចាប់ផ្តើមឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្តែលោកមិនបានបញ្ជាក់អំពីកាលបរិច្ឆេទច្បាស់លាស់ សម្រាប់គម្រោងនេះនោះឡើយ ។
បញ្ជាក់ថា ដើម្បីអាចដំណើរការគម្រោងនេះបាន វាត្រូវការចំណាយពេលប្រហែល ១៥ ទៅ ២០ ឆ្នាំ ដើម្បីបញ្ចប់ការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ រួមទាំងការធ្វើផែនការ ការសាងសង់ និងដំណើរការសាងល្បងផងដែរ ៕
ប្រភព: VN Express