មេធំ Tesla ស្នើ​សុំ​ទិញ​ក្រុមហ៊ុន​ Twitter ទាំងមូល ក្នុង​តម្លៃ​រាប់​សិប​ពាន់​លាន​ដុល្លារ

អន្តរជាតិ

កាលពី​ថ្មីៗនេះ មហាសេដ្ឋី​ Elon Musk បាន​ដាក់​សំណើ​សុំទិញ​យក​ក្រុមហ៊ុន Twitter ទាំងមូល​តែ​ម្ដង​ជាមួយ​តម្លៃ​ប្រមាណ ៤៣ ពាន់​លាន​ដុល្លារ បន្ទាប់​ពី​ក្លាយ​ជា​ម្ចាស់ភាគហ៊ុន​ធំ​បំផុត​នៃ​ក្រុមហ៊ុន​ដែល​មាន​ប្រមាណ ៩,២%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មេធំ​នៃ​ក្រុមហ៊ុន​ផលិត​ឡាន Tesla និង​ជា​ស្ថាបនិក SpaceX ហ៊ាន​ចាយ​លុយ​ប្រមាណ ៥៤,២ ដុល្លារ​ក្នុង​មួយ​ហ៊ុន ដែល​វា​មាន​តម្លៃ​លើស​ដល់​ទៅ ៥៤% បើ​ធៀប​ទៅ​នឹង​រយៈ​កាល ៣ ខែ​មុន។

“​ខ្ញុំ​បាន​វិនិយោគ​ជាមួយ Twitter ក្នុង​គោលបំណង​ចង់​ប្រែក្លាយ​បណ្ដាញ​សង្គម​មួយ​នេះ​ទៅ​ជា​កន្លែង​សម្រាប់​បញ្ចេញ​មតិ​ដោយ​សេរី​ទូទាំង​ពិភពលោក ហើយ​ខ្ញុំ​ជឿ​ថា​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ គឺ​ជា​ចំណុច​សំខាន់​បំផុត​សម្រាប់​សង្គម​ប្រកាន់​របប​លទ្ធិ​ប្រជាធិបតេយ្យ”។

“​តែ​តាំងពី​ខ្ញុំ​ចាប់ផ្ដើម​បណ្ដាក់​ទុន​ជាមួយ​ក្រុមហ៊ុន​នេះ ខ្ញុំ​យល់​ឃើញ​ថា ដរាបណា​ក្រុមហ៊ុន​នៅ​តែ​មាន​ថ្នាក់ដឹកនាំ​ច្រើន​ដូច​សព្វថ្ងៃ នោះ​វា​មិនអាច​សម្រេច​គោលបំណង​ខាងលើ​ឡើយ ដូច្នេះ​ Twitter ត្រូវតែ​ប្រែ​ខ្លួន​ជា​ក្រុមហ៊ុន​ឯកជន​ ទើប​ក្ដីស្រមៃ​នោះ​អាច​ក្លាយជា​ការពិត”។

មហាសេដ្ឋី​មាន​បំផុត​លើ​លោក​ម្នាក់​នេះ​បាន​អះអាង​ថា សំណើ​ដែល​បាន​ដាក់​មួយ​នេះ​គឺ ល្អ​បំផុត និង​ជា​សំណើ​ចុងក្រោយ ដ្បិត​ប្រសិន​បើ​ Twitter បដិសេធ​មិន​ព្រម​លក់​ក្រុមហ៊ុន Elon Musk បង្ហើប​ថា អាច​នឹង​ពិចារណា​គួរ​ធ្វើ​បែបណា​ជាមួយ​នឹង​តំណែង​ជា​ម្ចាស់​ភាគហ៊ុន​ធំ​បំផុត​ប្រចាំ​ក្រុមហ៊ុន​។

បញ្ជាក់​ដែរ​ថា យោង​តាម Billionaire Bloomberg’s Index បាន​ឲ្យ​ដឹង​ថា ទ្រព្យសម្បត្តិ​សរុប​របស់ Elon Musk មាន​ប្រមាណ ២៦០ ពាន់​លាន​ដុល្លារ ស្របពេល​តម្លៃ​មូលធន​ទីផ្សារ​សរុប​របស់ Twitter មាន​ប្រមាណ ៣៧ ពាន់​លាន​ដុល្លារ ដូច្នេះ​ការ​ចាយ​លុយ​ជាង ៤០ ពាន់​លាន​ដុល្លារ​ដើម្បី​កាន់កាប់​ក្រុមហ៊ុន​ខ្នាតយក្ស​មួយ​នេះ មិនមែន​ជា​រឿង​ធំ​ដុំ​សម្រាប់​ពូ Musk ឡើយ៕

ប្រភព: Nenow