រុស្ស៊ី​ប្រកាស​ថា​សង្គ្រាម​លោក​លើក​ទី ៣ បាន​កើត​ឡើង​ហើយ ក្រោយ​អ៊ុយក្រែន​អះអាង​​បាន​បាញ់​កំទេច​នាវា​ចំបាំង​មួយ​គ្រឿង

អន្តរជាតិ

សង្គ្រាម​រវាង​មហាអំណាច​រុស្ស៊ី និង​ប្រទេស​អ៊ុយក្រែន​ដែល​កំពុង​ស្ថិត​នៅ​សភាព​យ៉ាប់យ៉ឺន​នៅ​ឡើយ បាន​ក្លាយជា​សង្គ្រាម​លោក​លើក​ទី ៣ ហើយ បន្ទាប់​ពី​អ៊ុយក្រែន​បាន​អះអាង​ថា ពួកគេ​ជា​អ្នក​នៅ​ពីក្រោយ​ការ​បំផ្ទុះ​នាវាចំបាំង​មួយ​គ្រឿង​របស់​រុស្ស៊ី។ នេះ​បើ​តាម​ការ​ផ្សាយ​ពី​ទូរទស្សន៍​ជាតិ​រុស្ស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ការ​ផ្ទុះ​នាវា​ចំបាំង​នៅ​សមុទ្រ Black Sea នោះ ត្រូវបាន​រុស្ស៊ី​ច្រានចោល​ការ​អះអាង​របស់​អ៊ុយក្រែន និង​បាន​ទម្លាយ​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ផ្ទុះ​នាវា គឺ​ដោយសារ​កំហុស​បច្ចេកទេស​នៃ​ការ​បាញ់​គ្រាប់​ប៉ុណ្ណោះ។

យោង​ទៅ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​តំណាង Olga Skabeyeva បាន​ទម្លាយ​ថា រុស្ស៊ី​គឺ​កំពុង​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ NATO ដោយ​លោក​បាន​និយាយ​៖ “​ពេលនេះ​យើង​អាច​រាប់​បាន​ថា វា​បាន​វិវត្តន៍​ទៅជា​សង្គ្រាម​លោក​លើក​ទី ៣ ហើយ។ បច្ចុប្បន្ន​ បើ​យើង​មិន​ធ្វើ​សង្គ្រាម​ជាមួយ NATO ផ្ទាល់ គឺ​ពួក​យើង​​កំពុង​ធ្វើ​សង្គ្រាម​ជាមួយ​ហេដ្ឋារចនាសម្ព័ន្ធ​របស់ NATO តែ​ម្ដង។ ចំណុច​មួយ​នេះ​ គួរ​តែ​ចាំ​ឲ្យ​ច្បាស់”។

ដោយឡែក លោក​ប្រធានាធិបតី Volodymyr Zelensky បាន​ទម្លាយ​ឲ្យ​ដឹង​ថា មាន​ទាហាន​អ៊ុយក្រែន​យ៉ាងតិច ៣ ០០០ នាក់​បាន​បាត់បង់​ជីវិត និង ១០ ០០០ នាក់​កំពុង​មាន​របួស ដោយសារ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី។

ខណៈ​ប្រធានាធិបតី​ខាងលើ​បាន​បង្ហើប​ថា មាន​ការ​ពិបាក​ក្នុង​ការ​ប៉ាន់ស្មាន​ទិន្នន័យ​ជាក់លាក់​ពី​ចំនួន​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​របួស ឬ​បាត់បង់​ជីវិត​នៅ​ក្នុង​ហេតុការណ៍​មួយ​នេះ ដ្បិត​ការ​យក​ព័ត៌មាន​ត្រូវបាន​ទប់ស្កាត់​នៅ​តំបន់​ជាច្រើន​នៃ​ភាគ​ខាងត្បូង និង​ខាងកើត​នៃ​ប្រទេស​អ៊ុយក្រែន៕

ប្រភព: Mint