រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មជប៉ុន បាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសរបស់ខ្លួន គ្រោងនឹងបង្កើនការវិនិយោគបន្ថែមទៀត ទៅក្នុងគម្រោងបូមយកឧស្ម័នធម្មជាតិរាវ (LNG) ដើម្បីជំរុញដល់ការអភិវឌ្ឍន៍ថ្មី ក៏ដូចជាជំរុញដល់ការទាញយកប្រេងឥន្ធន:ពីក្រុមហ៊ុន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋផងដែរ ។
លោក Koichi Hagiuda បាននិយាយថា ការវិនិយោគលើការអភិវឌ្ឍន៍ LNG ថ្មី នៅទូទាំងពិភពលោក បាននឹងកំពុងធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែនិន្នាការពិភពលោក ឆ្ពោះទៅរកការប្រើប្រាស់ឧស្ម័នធម្មជាតិបៃតង ទោះបីជាតម្រូវការមានការកើនឡើងខ្លាំង ជាពិសេសនៅតំបន់អាស៊ី សូម្បីតែមុនពេលមានវិបត្តិសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ ។
មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីរូបនេះ បានប្រាប់សន្និសីទសារព័ត៌មានមួយថា ” ការលុកលុយរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន បានធ្វើឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំង សម្រាប់ការទិញយកហ្គាស LNG ដោយបង្កើនការព្រួយបារម្ភ អំពីការផ្គត់ផ្គង់ឥន្ធន:សម្រាប់ប្រទេសជប៉ុន “ ។
លើសពីនេះ លោកបន្តទៀតថា ” រដ្ឋាភិបាលជប៉ុន ចាំបាច់ត្រូវតែធ្វើឱ្យឈានមុខគេ ដើម្បីទទួលបានហ្គាល LNG តាមរយ:កិច្ចសហប្រតិបត្តិការ ជាមួយនឹងវិស័យឯកជន ” ។
លោក Koichi បានបន្ថែមថា រដ្ឋាភិបាល មានបំណងផ្តល់ជូន “ប្រាក់គ្រាអាសន្ន” តាមរយ:ក្រុមហ៊ុន Japan Oil , Gas and Metals National Corp (JOGMEC) ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ សម្រាប់គម្រោងហ្គាស់ ដែលមានស្រាប់ ដែលអាចជំរុញដល់ការបង្កើនទិន្នផល បានយ៉ាងឆាប់រហ័ស តាមរយ:ការពង្រីកគម្រោងមួយនេះ ប៉ុន្តែយ៉ាងណាលោកមិនបានផ្តល់ព័ត៌មានលម្អិតជាងនេះនោះឡើយ៕
ប្រភព: CNA