ជំងឺកូវីដ ១៩ កំពុងបង្កព្យុះភ្លៀងខ្លាំងនៅជុំវិញពិភពលោក បើទោះជាបច្ចុប្បន្នវ៉ាក់សាំងបង្ការជំងឺមួយនេះត្រូវបានរកឃើញក៏ដោយ ក៏ប៉ុន្តែអ្នកវិទ្យាសាស្ត្រនៅមិនទាន់អាចរកឃើញថ្នាំគ្រាប់ព្យាបាលជំងឺមួយនេះឲ្យជាដាច់ជាផ្លូវការបាននៅឡើយទេ។

ជាក់ស្ដែង Shijiazhuang Yiling Pharmaceutical ដែលជាក្រុមហ៊ុនផលិតឱសថបុរាណចិនរកឃើញដោយមហាសេដ្ឋី Wu Yiling បានកំពុងសិក្សាស្រាវជ្រាវថ្នាំគ្រាប់ព្យាបាលជំងឺមួយនេះ តែជាលទ្ធផលប្រសិទ្ធភាពថ្នាំនៅមិនទាន់អាចទទួលយកបាននៅឡើយ ហើយថែមទាំងធ្វើឲ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋីម្នាក់នេះខាតបង់ដល់ទៅ ១ ពាន់លានដុល្លារត្រឹមរយៈពេលមួយថ្ងៃ បន្ទាប់ពីដាក់លក់ថ្នាំគ្រាប់នេះនៅលើទីផ្សារ។

រំលឹកបន្តិចថា កន្លងមកផលិតផលរបស់មហាសេដ្ឋីរូបនេះត្រូវបានណែនាំឲ្យប្រើប្រាស់ដោយរដ្ឋាភិបាលចិនក្នុងការព្យាបាលជំងឺកូវីដ ១៩ កាលពីឆ្នាំ ២០២០ ដែលថ្នាំគ្រាប់នោះមានឈ្មោះ Lianhua Qingwen។

តែសម្រាប់ឆ្នាំ ២០២២ នេះវិញ វេជ្ជបណ្ឌិតនៅប្រទេសចិនជាច្រើនរូបស្រាប់តែឈប់ណែនាំមិនឲ្យប្រើប្រាស់ Lianhua Qingwen ជាឱសថព្យាបាលជំងឺកូវីដ ១៩ ស្របពេលអង្គការសុខភាពពិភពលោក WHO ក៏មិនធ្លាប់ចេញសេចក្ដីប្រកាសផ្លូវការក្នុងការណែនាំឲ្យប្រើប្រាស់ផង ជាហេតុបណ្ដាលឲ្យតម្លៃហ៊ុននៃក្រុមហ៊ុនមហាសេដ្ឋីចិនធ្លាក់ចុះ ១០% និងធ្វើឲ្យទ្រព្យសម្បត្តិរបស់បុរសវ័យ ៧២ ឆ្នាំធ្លាក់ពី ៥,៨ ពាន់លានដុល្លារ មកសល់ត្រឹម ៤,៧ ពាន់លានដុល្លារត្រឹមរយៈពេលមួយថ្ងៃ។

បញ្ជាក់ដែរថា បច្ចុប្បន្នរដ្ឋាភិបាលចិនកំពុងផ្សព្វផ្សាយឲ្យបរទេសងាកមកប្រើប្រាស់ឱសថ Lianhua Qingwen ក្នុងការព្យាបាលជំងឺកូវីដ ១៩ ហើយក្នុងនោះរុស្ស៊ីបានអនុញ្ញាតឲ្យមានការលក់ឱសថមួយនេះនៅចុងឆ្នាំ ២០២០ ខណៈអាមេរិក និងសិង្ហបុរីនៅពិចារណាអំពីប្រសិទ្ធភាពថ្នាំគ្រាប់មួយនេះនៅឡើយ៕
ប្រភព: Forbes