ការ​ស្រាវជ្រាវ​ថ្មី​បំផុត​បាន​ទម្លាយ​ថា មហាសេដ្ឋី​អាមេរិក​មាន​លុយ​ជិត ៥ ទ្រី​លាន​ដុល្លារ

អន្តរជាតិ

យោង​ទៅ​តាម​ការ​ស្រាវជ្រាវ​ថ្មី​បំផុត​ពី Tax Day កាលពី​ថ្ងៃច័ន្ទ​បាន​ឲ្យ​ដឹង​ថា ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​អាមេរិក​ទាំង ៧៣៥ នាក់​មាន​ការ​កើនឡើង​ប្រមាណ ៦២% ក្នុង​រយៈពេល​ត្រឹម ២ ឆ្នាំ​ចុងក្រោយ ខណៈ​អ្នកធ្វើការ​ធម្មតា​កើន​ចំណូល​ត្រឹម ១០% ប៉ុណ្ណោះ ស្របពេល​តម្លៃ​អាហារ ថ្លៃ​ជួលផ្ទះ និង​តម្រូវការ​ផ្សេងៗ​មាន​ការ​ឡើង​ថ្លៃ​ផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក ទិន្នន័យ​ចុងក្រោយ​បំផុត​ដែល​ផ្ដល់​ឲ្យ​ដោយ Oxfam America បាន​ទម្លាយ​ថា មហាសេដ្ឋី​អាមេរិក​មាន​លុយ​សរុប​ប្រមាណ ៤,៧ ទ្រី​លាន​ដុល្លារ ដែល​ភាគច្រើន​គឺ​មិន​បាន​បង់​ពន្ធ​ឡើយ។

ដូចគ្នា​ទៅ​នឹង​របាយការណ៍​ទទួល​បាន​ពី ProPuclica ផង​ដែរ​ថា ទិន្នន័យ​ទទួល​បាន​ពី Internal Revenue Service បាន​បង្ហាញ​ថា វា​មិន​សមាមាត្រ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ​ឡើយ ដោយសារ​ចន្លោះ​ឆ្នាំ ២០១៤-២០១៨ អ្នកមាន​បំផុត ២៥ រូប​នៅ​អាមេរិក​បង់ពន្ធ​ប្រមាណ ៣,៤%​ប៉ុណ្ណោះ។

លើសពីនោះ Oxfam បាន​សន្និដ្ឋាន​ថា កន្លង​មក​មាន​សំណើ​ទារពន្ធ​អ្នកមាន​ជាច្រើន​ត្រូវបាន​ណែនាំ​នៅក្នុង​ការ​ប្រជុំ​សភា ប៉ុន្តែ​សំណើ​ទាំងនោះ​មិន​ដែល​ផ្ដល់​ឲ្យ​រដ្ឋ​លើសពី ២៥២​ ពាន់​លាន​ដុល្លារ​ឡើយ​ក្នុង​មួយ​ឆ្នាំ ស្របពេល​កំណែនៃរបៀបវារៈ Build Back Better របស់ប្រធានាធិបតី Joe Biden ដែលសភាបានអនុម័តកាលពីខែវិច្ឆិកា នឹងត្រូវចំណាយត្រឹមតែ ១៧៥ ពាន់លានដុល្លារក្នុងមួយឆ្នាំក្នុងទសវត្សរ៍ក្រោយ។

បញ្ជាក់​ដែរ​ថា កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន​ប្រធានាធិបតី Joe Biden បាន​ប្រកាស​ពី​គម្រោង​ចំណាយ​សម្រាប់​ឆ្នាំ ២០២២ និង​បាន​បង្ហើប​ថា នឹង​ប្ដេជ្ញា​ទារពន្ធ​ពី​មហាសេដ្ឋី​អាមេរិក​ឲ្យ​បាន​យ៉ាង​តិច ២០% នៃ​ប្រាក់ចំណូល​របស់​ពួកគេ ដែល​ធ្វើ​ឲ្យ​ក្រុម​មហាសេដ្ឋី​មាន​ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​រឿង​មួយ​នេះ ខណៈ​សំណើ​របស់​មេដឹកនាំ​ពិភពលោក​ខាងលើ​គឺ​នៅ​មិន​ទាន់​អនុម័ត​នៅឡើយ​ទេ៕

ប្រភព: AlaskaNativeNews