ប្រទេសឥណ្ឌា នឹងផ្តល់ជំនួយហិរញ្ញវត្ថុចំនួន ៥០០ លានដុល្លារ បន្ថែមទៀត ដល់ប្រទេសស្រីលង្កា ដើម្បីអាចឱ្យប្រទេសដែលកំពុងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរមួយនេះ អាចមានលទ្ធភាពចំណាយ លើការទិញប្រេង។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសស្រីលង្កា បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃពុធកន្លងទៅ ។
មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីដដែលនេះ ក៏បានបញ្ជាក់បន្ថែមទៀតថា ប្រទេសបង់ក្លាដែសក៏មានឆន្ទ: អនុញ្ញាតឱ្យស្រីលង្កា ធ្វើការពន្យាពេលក្នុងការសងត្រលប់មកវិញ នូវហិរញ្ញប្បទាន ចំនួន ៤៥០ លានដុល្លារ ផងដែរ ។
រដ្ឋមន្ត្រីការបរទេសស្រីលង្កា លោក G L Peiris បាននិយាយថា ” ជំនួយរបស់ IMF នឹងត្រូវចំណាយពេលប្រហែល ៦ ខែ ទើបបានមកដល់ដៃរបស់យើង ហើយជំនួយនេះនឹងអាចជួយយើងបានមួយផ្នែកធំ ។ ប៉ុន្តែនៅក្នុងអំឡុងពេលអន្តរាគមន៍នេះ យើងចាំបាច់ត្រូវតែស្វែងរកមូនិធិបន្ថែមទៀត ដើម្បីធានាជូនប្រជាជនយើង នូវការផ្គត់ផ្គង់ សម្រាប់សម្ភារចាំបាច់ ” ។
បញ្ជាក់ផងដែរថា ប្រទេសស្រីលង្កា បានប្រឈមមុខជាមួយនឹងវិបត្តិសេដ្ឋកិច្ចកាន់តែអាក្រក់ទៅ ពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលទំនិញចាំបាច់ជាច្រើន ដូចជា ប្រេង ស្បៀអាហារ ថ្នាំពេទ្យ និងរួមទាំងអគ្គិសនីផងនោះ កំពុងតែមានភាពខ្វះខាតខ្លាំង ៕
ប្រភព: CNA