បើយោងទៅតាមស្ថិតិនៃផ្សារហ៊ុនអាមេរិកកាលពីថ្ងៃពុធបានបង្ហាញថា តម្លៃហ៊ុនរបស់ Netflix មានការធ្លាក់ចុះរហូតដល់ ៣៥% ខណៈក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនេះក៏បានបាត់បង់អតិថិជនប្រមាណជាង ២០ ម៉ឺននាក់គិតត្រឹមត្រីមាសទី ១ នៃឆ្នាំ ២០២២ នេះផងដែរ។

ការធ្លាក់ចុះនៃតម្លៃហ៊ុនរបស់ Netflix ភ្លាមៗនេះ ក៏បានបណ្ដាលឲ្យមហាសេដ្ឋីអាមេរិកម្នាក់គឺលោក Bill Ackman បានខាតបង់ថវិកាអស់មិនស្ទើរផងដែរ ពោលគឺប្រហែលជាង ៤០០ លានដុល្លារឯណោះ។

ក្រុមហ៊ុន Pershing Square Capital Management របស់វិនិយោគិនខាងលើបានធ្វើការលក់ភាគហ៊ុន Netflix ដែលពួកគេមានទាំងអស់កាលពីថ្ងៃពុធអំឡុងពេលតម្លៃរបស់វាមានការធ្លាក់ចុះ ហើយបើតាមការគណនាពី Bloomberg បានបង្ហាញថា ពួកគេខាតបង់ទឹកប្រាក់ប្រហែល ៤៣៥ លានដុល្លារ។

បញ្ជាក់ដែរថា កាលពីចុងខែមករា លោក Ackman បានទម្លាយថា បានទិញភាគហ៊ុន Netflix ប្រមាណ ៣,១ លានហ៊ុន ឬប្រហែល ០,៧%នៃហ៊ុនសរុប និងបានធ្វើឲ្យ Pershing Square ក្លាយជាម្ចាស់ភាគហ៊ុនធំបំផុតមួយក្នុងចំណោមម្ចាស់ភាគហ៊ុន ២០ ផ្សេងទៀត៕
ប្រភព: Businessinsider