កិច្ច​ព្រមព្រៀង​សន្តិភាព​ចិន-​កោះ​សូឡូម៉ូន ធ្វើ​ឲ្យ​​មហាអំណាច​លោកខាងលិច​ដេក​ព្រួយ

អន្តរជាតិ

កាលពី​ថ្ងៃទី ១៩ មេសា​កន្លង​ទៅ មហាអំណាច​ចិន​បាន​ចុះ​កិច្ច​ព្រមព្រៀង​សន្តិភាព​ជាមួយ​ប្រជុំកោះ​សូឡូម៉ូន ហើយ​សន្ធិសញ្ញា​សន្តិភាព​មួយ​នេះ​បាន​បណ្ដាល​ឲ្យ​អាមេរិក និង​មហាអំណាច​លោក​ខាងលិច​ផ្សេងទៀត​ហាក់​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង។ នេះ​បើតាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​ប្រមុខ​ខុទ្ទកាល័យ​ជប៉ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ច​ព្រមព្រៀង​សន្តិភាព​មួយ​នេះ​គឺ​ជា​ផ្លូវ​ដ៏​សំខាន់​បំផុត​សម្រាប់​ប្រទេស​ចិន​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​តំបន់ Pacific ដែល​សំបូរ​ទៅ​ដោយ​ធនធាន​យ៉ាង​សំបូរបែប ហើយ​​សម្រាប់​អូស្ត្រាលី និង​នូវែលសេឡង់​ក៏​បាន​ចាត់ទុក​ទីនោះ​ជា​ប្រភព​ចំណូល​ដ៏​ធំ​អស់​ជា​ច្រើន​ទសវត្ស​មក​ហើយ។

ដោយឡែក សម្រាប់​សហរដ្ឋអាមេរិក​វិញ​ក៏​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​សម្រាប់​ការ​ចុះ​កិច្ច​ព្រមព្រៀង​សន្តិភាព​មួយ​នេះ​ផងដែរ ដោយ​ពួកគេបាន​ចេញ​លិខិត​នៅ​ក្នុង​សប្ដាហ៍​នេះ​ថា អាមេរិក ជប៉ុន​ ​អូស្ត្រាលី និង​នូវែលសេឡង់​គឺ​កំពុង​មាន​ការ​ព្រួយ​បារម្ភ។

“​កិច្ច​ព្រមព្រៀង​មួយ​នេះ​ទំនង​នឹង​ជះ​ឥទ្ធិពល​ដល់​តំបន់​សុវត្ថិភាព​ជាច្រើន ដូច្នេះ​ពួកយើង​គឺ​កំពុង​តែ​ធ្វើការ​សង្កេត​យ៉ាង​ល្អិតល្អន់។ វា​អាច​នឹង​មាន​ការ​ពិភាក្សា​ដោយ​សេរី និង​បើក​ចំហ​អំពី​បញ្ហា​ទាក់ទង​នឹង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក រវាង​ថ្នាក់​ដឹកនាំ​ទាំង​ ២”។ នេះ​ជា​អ្វី​ដែល​លោក Hirokazu Matsuno ប្រមុខ​ខុទ្ទកាល័យ​ជប៉ុន​បាន​និយាយ។

បើ​ទោះ​ជា​មន្ត្រី​ខាងលើ​មិនបាន​បញ្ជាក់​លំអិត​ក៏​ដោយ តែ​វា​ប្រហែល​ជា​អាច​នឹង​បង្ហាញ​ឲ្យ​ដឹង​ពេល​ដែល​នាយករដ្ឋមន្ត្រី​ជប៉ុន Fumio Kishida និង​នាយករដ្ឋមន្ត្រី​នូវែលសេឡង់ Jacinda Ardern ជួប​គ្នា​ពិភាក្សា​អំពី​បញ្ហា​ខាងលើ​នៅ​ពេល​ដ៏​ខ្លីខាងមុខ​នេះ។

មូលហេតុ​មួយ​ទៀត​ក្រៅពី​ផ្លូវ​ពាណិជ្ជកម្ម​ដែល​ធ្វើ​ឲ្យ​មហាអំណាច​លោក​ខាងលិច​ខ្លាចរអា គឺ​ពួកគេ​បារម្ភ​ខ្លាច​ចិន​នឹង​ប្រើប្រាស់​ប្រជុំ​កោះ​ដែល​មាន​ចំងាយ​ត្រឹម ២ ០០០ គីឡូម៉ែត្រ​ពី​អូស្ត្រាលី ធ្វើ​ជា​មូលដ្ឋាន​ពង្រីក​កម្លាំង​យោធា​នៅ​តំបន់​ប៉ាស៊ីហ្វិក ហើយ​ចំណុច​នេះ​ទៀត​សោត​បាន​ធ្វើ​ឲ្យ​តៃវ៉ាន់​កាន់តែ​បារម្ភ ដ្បិត​បច្ចុប្បន្ន​ទំនាក់ទំនង​រវាង​តៃវ៉ាន់​ និង​ចិន​ប្រៀប​ដូចជា​ទឹក​ និង​ប្រេង៕

ប្រភព: CNA