សហរដ្ឋអាមេរិក និងប្រទេសជាសមាជិកនៃតំបន់អឺរ៉ុបមួយចំនួនបានប្រកាសថា នឹងឈប់ទទួលទិញប្រេងពីប្រទេសរុស្ស៊ី ក្រោយមហាអំណាចមួយនេះបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនមិនបានប៉ុន្មានផង។

ក្នុងចំណោមសមាជិកអឺរ៉ុបទាំងអស់ អាល្លឺម៉ង់ដែលជាប្រទេសមានទំហំសេដ្ឋកិច្ច និងទីផ្សារប្រេងធំបំផុតនៅអឺរ៉ុបបានបង្ហាញពីមហិច្ឆតាក្នុងការផ្គត់ផ្គង់ប្រេងផ្ដាច់មុខនៅអឺរ៉ុប និងមិនពាក់ព័ន្ធជាមួយរុស្ស៊ីនៅចុងឆ្នាំនេះ។

ថ្វីបើប្រទេសមួយចំនួនបានបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ីក្ដី ក៏មហាអំណាចមួយនេះមិនឈឺក្បាលហាលថ្ងៃជាមួយឡើយ ដោយសារនៅមានសម្ព័ន្ធមិត្តឯទៀតដូចជាចិន និងឥណ្ឌាជាដើមនៅតែបន្តនាំចូលប្រេងពីរុស្ស៊ីរាប់លានបារ៉ែលជារៀងរាល់ខែ។

ជាក់ស្ដែង ប្រទេសឥណ្ឌាដែលជាប្រទេសនាំចូលប្រេងធំបំផុតទី ៣ លើលោក បានធ្វើការកក់ប្រេងពីរុស្ស៊ីយ៉ាងតិច ១៦ លានបារ៉ែលតាំងពី ប្រទេសដឹកនាំដោយលោក Vladimir Putin បើកការវាយប្រហារទៅលើអ៊ុយក្រែនតាំងពីថ្ងៃទី ២៤ កុម្ភៈ ដែលចំនួនមួយនេះគឺស្មើនឹងតួលេខដែលពួកគេធ្លាប់ទិញនៅឆ្នាំ ២០២១។
ដោយឡែក ក្រៅពីចិន និងឥណ្ឌាក៏នៅមានប្រទេសឯទៀតដែលកំពុងបន្តនាំចូលប្រេងពីរុស្ស៊ី បើទោះជាអាមេរិក និងអឺរ៉ុបព្យាយាមបិទច្រកសេដ្ឋកិច្ចនៃមហាអំណាចមួយនេះ ខណៈប្រទេសទាំងនោះមានដូចជា ជប៉ុន និងកូរ៉េខាងត្បូងជាដើម៕
ប្រភព: Indianexpress