Shell កំពុងចរចារជាមួយក្រុមហ៊ុនថាមពលរបស់ចិន ៣ ក្នុងការលក់គម្រោងបូមឧស្ម័នខ្លួន នៅរុស្ស៊ី

អន្តរជាតិ

យោងតាមកាសែត The Telegraph បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនថាមពលខ្នាតយក្ស Shell កំពុងតែពិភាក្សាជាមួយក្រុមហ៊ុនរបស់ប្រទេសចិនមួយចំនួន ក្នុងការលក់ភាគហ៊ុនរបស់ខ្លួន នៅក្នុងគម្រោងបូមឧស្ម័ន នៅរុស្ស៊ី ចំពេលមានការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលទីក្រុងម៉ូស្គូ ជុំវិញការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង កាសែតរបស់អង់គ្លេសមួយនេះ បាននិយាយទៀតថា ក្រុមហ៊ុន ដែលបានចុះបញ្ជីនៅទីក្រុងឡុងដ៍ កំពុងតែពិភាក្សារួមគ្នាជាមួយក្រុមហ៊ុនប្រេងគ្រប់គ្រងដោយរដ្ឋ របស់ចិន CNOOC Ltd , China National Petroleum Corp (CNPC) និង Sinopec លើការកាន់កាប់ភាគហ៊ុនប្រមាណ ២៧,៥ ភាគរយ របស់ខ្លួន នៅក្នុងក្រុមហ៊ុនបណ្តាក់ទុន លើគម្រោងបូមយកហ្គាស Sakhalin-2 ។

គួរឱ្យដឹងផងដែរថា គម្រោង Sakhalin-2 នេះ ត្រូវបានគ្រប់គ្រង និងដំណើរការដោយក្រុមហ៊ុនឧស្ម័នខ្នាតយក្សរុស្ស៊ី Gazaprom ស្របពេលភាគីពាក់ព័ន្ធផ្សេងទៀត នៅក្នុងគម្រោងដ៏ធំមួយនេះ រួមមានក្រុមហ៊ុន Mitsui & Co និងក្រុមហ៊ុន Misubishi Corp របស់ប្រទេសជប៉ុន ។

មិនតែប៉ុណ្ណោះ កាសែត The Telegraph បាននិយាយទៀតថា ការពិភាក្សាជាមួយក្រុមហ៊ុនចិន គឺផ្តោតទៅលើការលក់ភាគហ៊ុនរបស់ក្រុមហ៊ុន Shell ទៅឱ្យក្រុមហ៊ុនមួយ ពីរ ឬអាចក្រុមហ៊ុនទាំង ៣ តែម្តង ខណ:ក្រុមហ៊ុន Shell ក៏នឹងបើកចំហរពេញលេញ សម្រាប់ក្រុមហ៊ុន ដែលមិនស្ថិតនៅក្នុងប្រទេសចិនផងដែរ ចំពោះការទិញយកភាគហ៊ុននេះ ៕

ប្រភព: CNA