មហាសេដ្ឋីមានបំផុតលើលោក Elon Musk គឺជាអ្នកជំនួញជោគជ័យបំផុតមួយរូបលើពិភពលោក ខណៈលោកបានចាប់ផ្ដើមបោះជំហានលើវិស័យបច្ចេកវិទ្យាតាំងពីវ័យក្មេងមកម៉្លេះ។

ក្រុមហ៊ុនតំបូងដែលបុរសខាងលើចាប់ផ្ដើមកសាងឡើងគឺ Zip2 ដែលគ្រានោះលោកមានវ័យត្រឹម ១២ ឆ្នាំប៉ុណ្ណោះ ហើយបានលក់វាឲ្យក្រុមហ៊ុន Compaq នៅតម្លៃ ៣០៧ លានដុល្លារ ស្របពេល PayPal បានលក់ទៅឲ្យ eBay ក្នុងតម្លៃ ១,៥ ពាន់លានដុល្លារ។

ដោយសារទទួលបានភាពជោគជ័យខ្ពស់លើវិស័យមួយនេះ Elon Musk នៅតែបន្តបង្កើតស្នាដៃជាច្រើនដែលគ្រប់គ្នាកោតសរសើរទូទាំងពិភពលោកគឺ ការបង្កើតរថយន្តអគ្គិសនីជោគជ័យតំបូងបំផុតសម្រាប់ក្រុមហ៊ុន Tesla និងជាស្ថាបនិកក្រុមហ៊ុនផលិតយានអវកាស SpaceX ផងដែរ។

គ្រប់គ្នាប្រហែលជាដឹងយ៉ាងច្បាស់ថា Musk គឺជាមេធំនៃក្រុមហ៊ុនយក្សទាំង ២ខាងលើ តែ Elon Musk មិនមែនគ្រាន់តែជាម្ចាស់អាជីវកម្មខ្នាតយក្សតែ ២ នោះឡើយ ពោលនៅមានក្រុមហ៊ុនផ្សេងទៀតដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់មហាសេដ្ឋីមានបំផុតលើលោកម្នាក់នេះ។
SpaceX
ត្រូវបានលេចរូបរាងនៅឆ្នាំ ២០០២ ក្នុងគោលបំណងផលិតរ៉ុកកែតដែលមានតម្លៃសមរម្យជាងក្រុមហ៊ុនដទៃ។ បច្ចុប្បន្ន SpaceX ក្រៅពីផលិតគ្រាប់រ៉ុកកែត ពួកគេនៅបន្តផលិតយានអវកាសដែលអាចផ្ទុកមនុស្សទៅកាន់លំហអាកាសផងដែរ។
Starlink

ជាមែកធាងមួយនៃក្រុមហ៊ុន SpaceX តែវាមានមុខងារផ្ទុយស្រឡះពីក្រុមហ៊ុនមេខាងលើ ដោយបានដើរតួយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់អ៊ីនធឺណិតដែលមានល្បឿនលឿនទូទាំងសកលលោក។ Starlink លេចរូបរាងនៅឆ្នាំ ២០១៥ និងបានបង្ហោះផ្កាយរណបសាកល្បងទៅកាន់លំហអាកាសនៅឆ្នាំ ២០១៨។
Tesla

បើទោះជាមនុស្សភាគច្រើនតែងយល់ច្រឡំថា Elon Musk គឺជាស្ថាបនិកតែមួយគត់របស់ Tesla តែការពិតក្រុមហ៊ុនដែលចាប់កំណើតនៅឆ្នាំ ២០០៤ មួយនេះនៅមានមនុស្ស ២ រូបទៀតនៅពីក្រោយគឺ Martin Eberhard និង Marc Tarpenning ខណៈ Musk គឺគ្រាន់តែជាសហស្ថាបនិកប៉ុណ្ណោះ។
Neuralink

ជាការបង្កើតឡើងរវាង Elon Musk និង Max Hodak នៅឆ្នាំ ២០១៦ ហើយបើទោះជាសហស្ថាបនិក Hodak បានចាកចេញពីក្រុមហ៊ុនក្ដី តែ Neuralink នៅតែអាចបោះជំហានទៅរកភាពជោគជ័យបានដដែល ដោយពួកគេកំពុងបង្កើតឈីបខួរក្បាលដែលអាចអនុញ្ញាតឲ្យមនុស្សគ្រប់គ្រងឧបករណ៍អេឡិចត្រូនិកបានតាមរយៈការគិតតែមួយភ្លែតប៉ុណ្ណោះ។
The Boring Company

ក្រុមហ៊ុនមួយនេះគឺជាការបង្កើតឡើងតែម្នាក់ឯងរបស់ Elon Musk នៅឆ្នាំ ២០១៦ ដែលពួកគេមានតួនាទីក្នុងការកសាងប្រព័ន្ធផ្លូវឆ្លងកាត់ក្រោមដីនៃទីក្រុងធំៗ ហើយ TBC ក៏បានបញ្ចប់ការសាងសង់ផ្លូវក្រោមដី ២ ខ្សែនៅទីក្រុង Las Vegas ផងដែរ។

ថ្វីបើបច្ចុប្បន្ន Elon Musk មិនមែនជាម្ចាស់នៃក្រុមហ៊ុនបណ្ដាញសង្គមយក្សមួយនេះក៏ពិតមែន តែបើតាមចំណែកភាគហ៊ុន ៩,២% ដែលលោកបានទិញកាលពីប៉ុន្មានសប្ដាហ៍មុន បានធ្វើឲ្យមហាសេដ្ឋីមានបំផុតលើលោកក្លាយជាម្ចាស់ភាគហ៊ុនធំបំផុតប្រចាំ Twitter។
បើទោះជាមានសិទ្ធគ្រប់គ្រាន់ក្នុងការក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលនៃ Twitter ក៏មហាសេដ្ឋីអាមេរិកបដិសេធមិនធ្វើឡើយ ហើយជំនួសមកវិញលោកបានដាក់សំណើសុំទិញក្រុមហ៊ុនទាំងមូលតែម្ដងជាមួយតម្លៃប្រហែល ៤៦,៥ ពាន់លានដុល្លារ ខណៈម្ចាស់ហ៊ុនធំៗផ្សេងទៀតកំពុងពិចារណាជាមួយនឹងសំណើមួយនេះ។

ក្រៅពីក្រុមហ៊ុនទាំងប៉ុន្មានខាងលើ Elon Musk ក៏ធ្លាប់បង្ហើបផងដែរថា ចង់បង្កើតបណ្ដាញសង្គមមួយដែលអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់មានសិទ្ធក្នុងការបញ្ចេញមតិដោយសេរី ដែលគំនិតមួយនេះគឺស្រដៀងគ្នាទៅនឹងអតីតប្រធានាធិបតីអាមេរិក Donald Trump ដែលបានបង្កើតបណ្ដាញសង្គម TRUTH Social បន្ទាប់ពី Twitter បិទគណនីរបស់លោកអស់ជាច្រើនសារ៕
ប្រភព: Marketrealist