លោក Manuel Macron បានជាប់ឆ្នោតជាប្រធានាធិបតីបារាំងអាណត្តិទី ២ នៅក្នុងការបោះឆ្នោតរើសថ្នាក់ដឹកនាំប្រទេសកាលពីពេលថ្មីៗនេះ ដោយបានផ្ដួលគូប្រជែង Marine Le Pen ជាមួយលទ្ធផល ៥៨,៦% ទល់នឹង ៤១,៤%។

ការជាប់ឆ្នោតអាណត្តិទី ២ របស់ប្រធានាធិបតីខាងលើពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំង តែអ្នកដែលទទួលបានប្រជាប្រិយភាពជាងនេះ គឺភរិយារបស់លោក Brigitte Macron ដែលមានវ័យលើសលោកដល់ទៅ ២៤ ឆ្នាំឯណោះ។

មុនក្លាយជាភរិយារបស់ Macron អ្នកស្រី Brigitte ធ្លាប់បានរៀបអាពាហ៍ពិពាហ៍ម្ដងហើយ និងមានឈ្មោះពេញ Brigitte Marie-Claude Trogneux និងមានសញ្ជាតិអាមៀន។ លោកស្រីបានកើតនៅថ្ងៃទី ១៣ មេសា ១៩៥៣ និងទើបចូលដល់វ័យ ៦៩ ឆ្នាំថ្មីៗនេះ ខណៈម្ដាយក្មេកអ្នកស្រីមានវ័យ ៧២ ឆ្នាំ។
ចំណងអាពាហ៍ពិពាហ៍មុនចាប់ដៃគ្នាជាមួយ Macron បានបន្សល់ទុកឲ្យអ្នកស្រី Brigitte ជាមួយនឹងកូន ៣ នាក់ ហើយអ្នកស្រីបានលែងលះគ្នាជាមួយអតីតស្វាមី Andre-Louis Auziere នៅឆ្នាំ ២០០៦ មុនរៀបអាពាហ៍ពិពាហ៍ជាមួយ Macron នៅឆ្នាំ ២០០៧។

បើទោះជាមានវ័យខុសគ្នាដល់ទៅ ២៤ ឆ្នាំក៏ដោយ ក៏ចំណងស្នេហារវាងអ្នកទាំង ២ នៅតែមានភាពរឹងមាំ ហើយ Macron ធ្លាប់បង្ហើបថា ធ្លាប់លួចស្រឡាញ់អ្នកស្រី Brigitte តាំងពីអ្នកស្រីជាគ្រូបង្រៀនប្រចាំថ្នាក់របស់លោកនៅទសវត្សឆ្នាំ ១៩៩០។
បច្ចុប្បន្ន Emmanuel Macron គ្មានកូនបង្កើតសូម្បីមួយគ្រាប់ជាមួយភរិយា ក៏ប៉ុន្តែកូនៗទាំង ៣ នាក់ រួមជាមួយចៅ ៧ នាក់របស់អ្នកស្រី Brigitte តែងតែចាត់ទុកប្រធានាធិបតីបារាំងម្នាក់នេះជាមេគ្រួសារដូចសាច់ឈាមបង្កើត៕
ប្រភព: AS