កាលពីពេលថ្មីៗនេះ មហាសេដ្ឋីមានបំផុតលើលោក Elon Musk បានជោគជ័យក្នុងការទិញយកក្រុមហ៊ុនបណ្ដាញសង្គម Twitter ជាផ្លូវការក្នុងតម្លៃប្រមាណ ៤៤ ពាន់លានដុល្លារ ខណៈការផ្ទេរកម្មសិទ្ធិគ្រប់គ្រងក្រុមហ៊ុនជាផ្លូវការនឹងធ្វើឡើងនាពេលក្រោយ។
ភាពជោគជ័យនៃការទិញបានក្រុមហ៊ុនចាបខៀវជាផ្លូវការមិនបានជួយឲ្យ Tesla ដែលគ្រប់គ្រងដោយ Elon Musk ទទួលបានផលប្រយោជន៍អ្វីឡើយ ផ្ទុយទៅវិញតម្លៃនៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខាងលើបែរជាដាំក្បាលចុះយ៉ាងខ្លាំងត្រឹមរយៈពេលមួយយប់ប៉ុណ្ណោះ។
តម្លៃហ៊ុនរបស់ Tesla បានធ្លាក់ចុះដល់ទៅ ១២,២% ត្រឹមមួយយប់ សល់ត្រឹម ៨៧៦,៤២ ដុល្លារក្នុងមួយហ៊ុន ដែលល្មមឲ្យទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីអាមេរិករបូតអស់ប្រមាណ ៤០ ពាន់លានដុល្លារ។
ការដាំក្បាលចុះនៃតម្លៃហ៊ុនរបស់ Tesla នេះផងដែរ គឺត្រូវបានគេចាត់ទុកជាការធ្លាក់ចុះអាក្រក់បំផុតប្រចាំផ្សារហ៊ុនអាមេរិក និងបានធ្វើឲ្យតម្លៃមូលធននៃក្រុមហ៊ុនទាំងមូលថយចុះដល់ទៅ ១២៦ ពាន់លានដុល្លារត្រឹមពេលដ៏ខ្លី ស្របពេលវិនិយោគិនជាច្រើនបារម្ភខ្លាចស្ថាបនិក SpaceX នឹងលក់ភាគហ៊ុនមួយចំណែកធំដើម្បីប៉ះប៉ូវការចំណាយដ៏ច្រើនសម្រាប់ Twitter។
បញ្ជាក់ដែរថា ចាប់តាំងពី Elon Musk បង្ហើបពីគោលបំណងចង់ទិញ Twitter ពីដើមខែមេសាមក តម្លៃហ៊ុនរបស់ Tesla បន្តធ្លាក់ចុះឥតឈប់ឈរពោលគឺ ធ្លាក់តាំងពីជាង ១ ០០០ ដុល្លារ មកសល់ត្រឹម ៨៧៦,៤២ ដុល្លារ ឬប្រមាណជិត ២០% ដែលធ្វើឲ្យមូលធននៃក្រុមហ៊ុនទាំងមូលថយចុះជិត ៣០០ ពាន់លានដុល្លារឯណោះ។
ជាមួយគ្នានោះ អ្នកជំនាញជាច្រើនបានអះអាងថា បើសិនជាតម្លៃហ៊ុនរបស់ Tesla នៅតែបន្តធ្លាក់ចុះបែបនេះ នោះវាអាចនឹងបង្កហានិភ័យធ្ងន់ធ្ងរ ដោយសារ Elon Musk បានដាក់ភាគហ៊ុន Tesla ជាចំណែកមួយនៃការទិញ Twitter៕
ប្រភព: News