អគារការិយាល័យមួយខ្នងដែលកំពុងសាងសង់នៅទីក្រុង Glasgow ប្រទេសស្កុតឡែន ត្រូវបានទិញដោយមហាសេដ្ឋីអេស្ប៉ាញ Amancio Ortega ខណៈស្ថាបនិកម៉ាកយីហោសម្លៀកបំពាក់ Zara បានចំណាយលុយប្រមាណ ២០០ លានផោន ឬជាង ២៥០ លានដុល្លារអាមេរិក។

យោងតាមការចុះផ្សាយពី GlasgowLive បានឲ្យដឹងថា អ្នកមានបំផុតប្រចាំប្រទេសអេស្ប៉ាញខាងលើបានចាប់អារម្មណ៍ និងបានទិញគម្រោងសាងសង់គម្រោងអចលនទ្រព្យខ្នាតយក្សមួយនេះតាមរយៈភ្នាក់ងារអចលនទ្រព្យ Pontegadea Oretga។
ដោយឡែក គម្រោងអចលនទ្រព្យតម្លៃជាង ២៥០ លានដុល្លារខាងលើ កំពុងសាងសង់នៅផ្លូវ Bothwell Street លើផ្ទៃដីទំហំ ២ ៧៨៧ ម៉ែត្រការ៉េ ហើយនៅពេលបញ្ចប់ការសាងសង់ វានឹងក្លាយ ជាអគារការិយាល័យធំបំផុតប្រចាំទីក្រុង Glasgow។

ដ្បិតបច្ចុប្បន្នអគារមួយខ្នងនេះកំពុងស្ថិតនៅក្រោមការសាងសង់នៅឡើយ ក៏ប៉ុន្តែមានក្រុមហ៊ុនជាច្រើនបានចុះកុងត្រាជួលកន្លែងបើកអាជីវកម្មពួកគេរួចស្រេចដែលមានដូចជា Transport Scotland, BNP Paribas, Virgin Money, Aecom និងក្រុមហ៊ុនល្បីៗជាច្រើនទៀត។

បញ្ជាក់ដែរថា សព្វថ្ងៃស្ថាបនិក Zara មានទ្រព្យសម្បត្តិប្រមាណ ៥៥ ពាន់លានដុល្លារអាមេរិក ជាមហាសេដ្ឋីមានបំផុតប្រចាំប្រទេសអេស្ប៉ាញ និងជាអ្នកមានបំផុតទី ៣ នៃតំបន់អឺរ៉ុប៕
ប្រភព: dailyrecord