យោងតាមរដ្ឋមន្ត្រីដឹកជញ្ជូនរបស់ឥណ្ឌា បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla Inc របស់សហរដ្ឋអាមេរិក នឹងត្រូវបានស្វាគមន៍ ក្នុងការបង្កើតហាងលក់ នៅក្នុងប្រទេសឥណ្ឌា លុះត្រាតែពួកគេផលិតរថយន្តនៅទីនោះ សម្រាប់ការលក់ និងនាំចេញ ប៉ុន្តែមិនត្រូវនាំចូលរថយន្តពីប្រទេសចិននោះឡើយ ។
ជាក់ស្តែង រដ្ឋមន្ត្រី លោក Nitin Gadkari បាននិយាយនៅក្នុងសន្និសីទរដ្ឋាភិបាលថា ” ការផលិត នៅក្នុងប្រទេសចិន ហើយនាំយកមកលក់នៅប្រទេសឥណ្ឌា មិនមែនជាសំណើល្អនោះទេ ” ។
គួរឱ្យដឹងថា Tesla ហាក់មានការអស់សង្ឃឹម ក្នុងការនាំចូល និងលក់រថយន្តអគ្គិសនីរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា ដោយបានបញ្ចុះបញ្ចូលមន្រ្តី ក្នុងទីក្រុង New Delhi អស់រយ:ពេលជិតមួយឆ្នាំមកហើយ ដើម្បីស្នើសុំកាត់បន្ថយពន្ធ ។
មិនតែប៉ុណ្ណោះ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន កំពុងស្ថិតនៅក្នុងភាពជាប់គាំងនៅឡើយ ដោយសារតែក្រុមហ៊ុន Tesla មិនបានបង្ហាញពីផែនការរឹងមាំរបស់ខ្លួន នៅក្នុងការវិនិយោគ ក្នុងប្រទេសឥណ្ឌា ដើម្បីស្របទៅតាមចក្ខុវិស័យ “Make in India” របស់នាយករដ្ឋមន្ត្រី លោក Narendra Modi ក្នុងការជំរុញការផលិត និងបង្កើតការងារនៅក្នុងស្រុក ៕
ប្រភព: CNA