កាលពីពេលថ្មីៗនេះ មានដំណឹងមកថា យោធាមីយ៉ាន់ម៉ាបានចេញដីកាចាប់ខ្លួនមហាសេដ្ឋី Chit Khine ដែលជាស្ដេចត្រាញ់ប្រចាំប្រទេសមួយរូប ក្រោមការចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយ។

តែយ៉ាងណា មានប្រជាពលរដ្ឋជាច្រើនសុទ្ធតែជឿថា មូលហេតុធំដែលបណ្ដាលឲ្យមានការចាប់ខ្លួននេះគឺដោយសារ អ្នកជំនួញខាងលើគឺជាមិត្តជិតស្និទ្ធនឹងអ្នកស្រីអ៊ុងសានស៊ូជី ស្របពេលរូបលោកក៏ជាសមាជិកនៃគណបក្សប្រឆាំងសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យផង។

ជាក់ស្ដែងនៅពេលដែលប្រទេសមីយ៉ាន់ម៉ាកំពុងស្ថិតក្រោមស្ថានភាពយ៉ាប់យ៉ឺនដោយសារវិបត្តិកូវីដ ១៩ មហាសេដ្ឋីខាងលើបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនប្រមាណ ១,៥ លានដុល្លារទៅកាន់គណបក្ស NLD សម្រាប់ការបញ្ជាទិញវ៉ាក់សាំងកូវីដ ១៩។
ក្រឡេកមកមើលស្ថានភាពបច្ចុប្បន្នវិញ ក្រុមយោធាមីយ៉ាន់ម៉ាបានចោទប្រកាន់លោក Chit Khine និងមនុស្ស ៦ នាក់ផ្សេងទៀតថា មានជាប់ពាក់ព័ន្ធនឹងករណីពុករលួយដែលបណ្ដាលឲ្យរដ្ឋខាតបង់ថវិកាជិត ៩ លានដុល្លារ។
បញ្ជាក់ដែរថា Chit Khine គឺជាប្រធានក្រុមហ៊ុន Eden Group of Companies ដែលជាក្រុមហ៊ុនធំបំផុតមួយប្រចាំប្រទេស និងមានវិសាលភាពយ៉ាងទូលំទូលាយនៅច្រើនវិស័យដូចជាវិស័យសំណង់ បដិសណ្ឋារកិច្ច ប្រេង និងហ្គាសជាដើម។

ដោយឡែក ទ្រព្យសម្បត្តិសរុបរបស់ស្ដេចត្រាញ់ម្នាក់នេះវិញ គឺគេសន្មតថាមានប្រមាណ ៣,២ ពាន់លានដុល្លារ៕
ប្រភព: Irrawaddy