គិតមកទល់នឹងពេលនេះ សង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានអូសបន្លាយអស់រយៈពេលជាង ២ ខែហើយ ស្របពេលអង្គការសហប្រជាជាតិ និងប្រទេសនៅតំបន់អឺរ៉ុបជាច្រើនបានចេញមុខអន្តរាគមន៍បែបណា ក៏ដំណោះស្រាយហាក់ដូចជាមិនទាន់មានពន្លឺនៅឡើយ។
ទន្ទឹមនឹងនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានបង្ហើបទៅកាន់ CNN ថា សង្គ្រាមមួយនេះនឹងបន្តរ៉ាំរ៉ៃ ដរាបណារុស្ស៊ីមិនព្រមទម្លាក់អាវុធចុះ។ លោកចង់មានន័យថា ទោះចង់ជួបចរចាប៉ុន្មានលើកប៉ុន្មានសារក៏ដោយ គឺមានតែភាគីរុស្ស៊ីប៉ុណ្ណោះ ជាអ្នកសម្រេចចិត្តចុងក្រោយនៃការបញ្ចប់សង្គ្រាមមួយនេះ។
“សង្គ្រាមនឹងមិនអាចបញ្ចប់ដោយការជួបពិភាក្សាគ្នានោះទេ ហើយវាអាចបញ្ចប់ទៅបាន លុះត្រាតែសហភាពរុស្ស៊ីយល់ព្រមទម្លាក់អាវុធនៅកាលៈទេសៈណាមួយ ឬក៏អាចត្រូវរ៉ូវគ្នាក្នុងលក្ខខណ្ឌនយោបាយណាមួយប៉ុណ្ណោះ”។
“ពួកយើងអាចជួបចរចា ពិភាក្សាប៉ុន្មានដងក៏បាន គ្រាន់តែថាវាមិនមែនជាដំណោះស្រាយអាចបញ្ចប់សង្គ្រាមមួយនេះឡើយ”។
បញ្ជាក់ដែរថា កាលពីថ្ងៃអង្គារកន្លងទៅ លោកGuterres បានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូដើម្បីជួបចរចាដោយផ្ទាល់ជាមួយប្រធានាធិបតី Vladimir Putin ក្នុងគោលបំណងជម្លៀសប្រជាជនពីតំបន់ប្រយុទ្ធ ហើយថ្នាក់ដឹកនាំរុស្ស៊ីក៏បានយល់ព្រមនឹងសំណើខាងលើផងដែរ៕
ប្រភព: CNN