សង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន គឺកំពុងបន្តកើតមានឡើងនៅឡើយ ដោយបច្ចុប្បន្ននៅមិនទាន់មានសញ្ញាបញ្ជាក់ពីការបញ្ចប់នៃសង្គ្រាមមួយនេះឆាប់ៗនោះទេ។

ងាកទៅមើលប្រជាជនអ៊ុយក្រែនដែលកំពុងរត់ភៀសខ្លួនពីសង្គ្រាមមួយនេះវិញ គឺកំពុងមានភាពលំបាកខ្លាំង ដោយសារត្រូវរស់នៅក្នុងនាមជាជនអន្តោប្រវេសន៍នៅប្រទេសដទៃ ហើយមិនមានសិទ្ធិគ្រប់គ្រាន់ក្នុងការស្វែងរកប្រភពចំណូលចិញ្ចឹមជីវិតស្រួលឡើយ។

ហេតុដូច្នេះហើយ ទើបមានមូលនិធិមួយចំនួនកំពុងរៃអង្គាសថវិកាទូទាំងពិភពលោក ដើម្បីជួយដល់ជនភៀសខ្លួនទាំងនោះ ឲ្យបានរួចផុតពីទុក្ខលំបាកមួយនេះ ស្របពេលមហាសេដ្ឋីកូនកាត់ជ្វីព្វ-រុស្ស៊ី Yuri Milner បានបញ្ចេញថវិកាផ្ទាល់ខ្លួនប្រមាណ ១០០ លានដុល្លារបរិច្ចាគជូនពួកគេ។

លោក Yuri Milner គឺជាមហាសេដ្ឋីរុស្ស៊ីម្នាក់ក្នុងចំណោមមហាសេដ្ឋីរុស្ស៊ីតិចតួចបំផុតដែលមិនត្រូវបានទទួលរងទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសលោកខាងលិច ហើយការបរិច្ចាគថវិការយលានដុល្លារទៅកាន់ជនភៀសខ្លួនអ៊ុយក្រែនសារនេះទៀត រឹតតែធ្វើឲ្យរូបលោកលែងស្ថិតក្នុងរ៉ាដារបស់ប្រទេសមហាអំណាចលោកខាងលិចហើយ។
បញ្ជាក់ដែរថា ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីកូនកាត់រុស្ស៊ីខាងលើគឺមានប្រមាណ ៧,៣ ពាន់លានដុល្លារ ហើយបច្ចុប្បន្នលោក និងគ្រួសារកំពុងរស់នៅរដ្ឋ California សហរដ្ឋអាមេរិក៕
ប្រភព: Jpost