២ខែ​តំបូង​នៃ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ​សហភាព​អឺរ៉ុប​ទិញ​ឥន្ធនៈ​ពី​រុស្ស៊ី​ជាង ៤៦ ពាន់​លាន​ដុល្លារ

អន្តរជាតិ

គិតៗ​ទៅ​មកទល់​ពេលនេះ រុស្ស៊ី​បាន​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​អ៊ុយក្រែន​អស់​រយៈពេលជាង ២ ខែ​មកហើយ ខណៈ​ក្នុង​រយៈពេល​នោះ​មហាអំណាច​រុស្ស៊ី​ទទួល​បាន​ប្រាក់​ចំណូល​ពី​ការ​លក់​ឥន្ធនៈហ្វូស៊ីល​ទៅកាន់​សហភាព​អឺរ៉ុប​ប្រមាណ ៤៤ ពាន់​លាន​អឺរ៉ូ ឬ ៤៦,៣ ពាន់​លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​របាយការណ៍​ផ្ដល់​ឲ្យ​ដោយ Centre for Research on Energy and Clean Aire ហៅ​កាត់ CREA បាន​ឲ្យ​ដឹង​ថា ប្រទេស​នៅ​តំបន់​អឺរ៉ុប​ខ្លះ​បាន​បញ្ជា​ទិញឥន្ធនៈហ្វូស៊ីល​ពី​រុស្ស៊ី​តាំងពី​ថ្ងៃទី ២៤ ​កុម្ភៈ រហូត​ដល់​ថ្ងៃទី ២៤ មេសា ហើយ​ទឹកប្រាក់​ជាង ៤០ ពាន់​លាន​ដុល្លារ​នោះ​គឺ​ច្រើនជាង​ឆ្នាំទៅ​ទ្វេដង​បើ​ធៀប​នឹង​រយៈពេល ២ ខែ​ដូចគ្នា។

នេះ​ក៏​មាន​ន័យ​ថា សហភាព​អឺរ៉ុប​គឺ​ជា​ម៉ូយដុំ​ឥន្ធនៈហ្វូស៊ីល​របស់​រុស្ស៊ី ដ្បិត​ពួកគេ​គឺ​រ៉ាប់រង​នូវ​ការ​នាំចេញ​ប្រេង ៧០% នៃ​ចំនួន​សរុប​ដែល​គិត​ជា​លុយ​គឺ ៦៦,៣ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ២ ខែ​មកនេះ។

យ៉ាងណា ថ្មីៗនេះ សហភាព​អឺរ៉ុប​បាន​អះអាង​ថា ពួកគេ​នឹង​ព្យាយាម​ទប់ស្កាត់​ការ​នាំចេញ​ប្រេង​របស់​រុស្ស៊ី​ចូល​មក​កាន់​តំបន់​អឺរ៉ុប ដែល​វា​គឺ​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​មហាអំណាច​មួយ​នេះ​មាន​ភាព​រាំងស្ទះ។

តែ​ផែនការ​ខាងលើ​គឺ​ពិត​ជា​មិន​ងាយ​ស្រួល​ឡើយ ដ្បិត​បើ​សិន​ផ្ដាច់​ការ​នាំចូល​ឥន្ធនៈហ្វូស៊ីល​ពី​រុស្ស៊ី​ភ្លាមៗ នោះ​ប្រទេស​សមាជិក​ទាំង ២៧ អាច​នឹង​ត្រូវ​ប្រឈម​នឹង​បញ្ហា​កង្វះ​ខាត​ប្រេងឥន្ធនៈ និង​ឧស្ម័ន ដោយសារ​កន្លង​មក ពួកគេ​ពឹងផ្អែក​ខ្លាំង​លើ​រុស្ស៊ី​សម្រាប់​ការ​នាំចូល​ឧស្ម័ន​ធម្មជាតិ ៤០% ​ប្រេង ២៧% និង​ធ្យូងថ្ម ៤៦%។

ប្រភពរូបភាព៖ CREA

​បើសិន​សហភាព​អឺរ៉ុប​ពិតជា​ចង់​ផ្ដាច់​ផ្លូវ​នាំចេញ​ឥន្ធនៈហ្វូស៊ីល​របស់​រុស្ស៊ី​ចូល​តំបន់​អឺរ៉ុប​មែន​ នោះ​ប្រទេស​ ២ អាច​នឹង​មាន​ហានិភ័យ​ខ្លាំង​ជាមួយ​នឹង​ការ​ប្រឈម​មុខ​កង្វះខាត​ឥន្ធនៈ និង​ឧស្ម័ន ដែល​នោះ​គឺ​អាល្លឺម៉ង់ និង​អ៊ីតាលី ដោយសារ​ប្រទេស ២ នេះ​គឺជា​ម៉ូយ​ធំ​របស់​រុស្ស៊ី​តែ​ម្ដង៕

ប្រភព: CNN