កាលពីពេលថ្មីៗនេះ មហាសេដ្ឋី Jeff Bezos បានរបូតថវិកាអស់ប្រមាណ ២០,៥ ពាន់លានដុល្លារ បន្ទាប់ពីតម្លៃហ៊ុននៃក្រុមហ៊ុនយក្ស Amazon បានដាំក្បាលចុះអាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ ពោលតាំងពីឆ្នាំ ២០១៥។

តម្លៃហ៊ុនរបស់ផ្លេតហ្វមពាណិជ្ជកម្មអេឡិចត្រូនិកធំបំផុតមួយលើលោកនេះ បានធ្លាក់ចុះដល់ទៅ ១៥% បន្ទាប់ពីប្រកាសពីការខាតបង់ប្រាក់ចំណូលនៅត្រីមាសដំបូងតាំងពីឆ្នាំ ២០១៥ និងជាការលក់តិចបំផុតក្នុងរយៈពេល ២១ ឆ្នាំមកនេះ។

ដោយសារតែ Amazon ជាប្រភពចំណូលដ៏ធំបំផុតរបស់ Bezos ដូច្នេះហើយទើបធ្វើឲ្យតំណែងជាមហាសេដ្ឋីមានបំផុតទី ២ លើលោករបស់លោកបានរបូតទៅក្នុងដៃរបស់មហាសេដ្ឋីបារាំង Bernard Arnault វិញនាពេលបច្ចុប្បន្ន ហើយលោកបានធ្លាក់មកឈរនៅតំណែងជាបុគ្គលមានបំផុតទី ៣ លើលោក។

បញ្ជាក់ដែរថា ដើម្បីអាចបំពេញនូវតម្រូវការអតិថិជនឲ្យបានទាន់ពេលវេលា Amazon បានពង្រីកឃ្លាំងផ្ទុកឥវ៉ាន់ជាច្រើនកន្លែង ដែលចំណាយអស់លុយរាប់ពាន់លានដុល្លារ និងបានជួលបុគ្គលិកបន្ថែមដែលកើនស្ទើរទ្វេដងទៅនឹងកម្លាំងពលកម្មដែលធ្លាប់មានកាលពីឆ្នាំ ២០២០ ប៉ុន្តែអ្នកជំនាញជាច្រើនសុទ្ធតែបង្ហាញក្ដីព្រួយបារម្ភពីការពង្រីកខ្លួនភ្លាមៗរបស់ Amazon មួយនេះ ដ្បិតកន្លងមក Amazon ក៏ធ្លាប់ខាតលុយជាង ១០ ពាន់លានដុល្លារលើការវិនិយោគផ្សេងៗផងដែរ៕
ប្រភព: Nairametrics