បើនិយាយដល់ឡានទំនើប និងពេញនិយមបំផុតលើលោក Ferrari គឺជាម៉ាកយីហោមួយដែលគ្រប់គ្នាមិនអាចរំលងបានឡើយ ដោយសារក្រុមហ៊ុនមួយនេះផលិតតែឡានស្ព័រដែលមានរូបរាងស្អាតប្រណីត និងបច្ចេកវិទ្យាទំនើបបំផុតប៉ុណ្ណោះ។
ឡាន Ferrari ដែលមានតម្លៃទាបបំផុតគឺប្រហែលជាង ២០ ម៉ឺនដុល្លារផ្អែកតាមទីផ្សារក្រៅប្រទេស ខណៈក្រុមហ៊ុនអ៊ីតាលីមួយនេះក៏មានវិន័យតឹងរ៉ឹងមួយផងដែរ គឺមិនមែនមានលុយចេះតែអាចទិញផលិតផលរបស់ពួកគេបាននោះទេ។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអ៊ីតាលីខាងលើបានដាក់ឈ្មោះតារាចម្រៀងកាណាដា Justin Bieber ចូលក្នុងបញ្ជីខ្មៅ ហាមលក់រថយន្តឲ្យបុគ្គលម្នាក់នេះតទៀត បន្ទាប់ពីតារាចម្រៀងល្បីឈ្មោះខាងលើធ្វើខុសវិន័យក្រុមហ៊ុន។
ក្រុមហ៊ុន Ferrari បានចេញវិន័យទៅកាន់អតិថិជនរបស់ពួកគេ ក្នុងការព្យាយាមថែរក្សាសភាពដើមនៃរថយន្ត និងចូលរួមគោរពច្បាប់ចរាចរណ៍ ក៏ប៉ុន្តែ Justin Bieber បានល្មើសនឹងវិន័យខាងលើ ពោលគឺបានចតរថយន្ត Ferrari របស់គេដល់ទៅ ២ សប្ដាហ៍ ទាំងមិនចាំកន្លែងចតយានយន្ត ហើយត្រូវបានភ្នាក់ងារក្រុមហ៊ុនទៅយកឡាននោះមកវិញ។
មិនតែប៉ុណ្ណោះ តារាចម្រៀងខាងលើធ្លាប់បានតុបតែងរថយន្ត Ferrari របស់គេដោយប្ដូរពណ៌រថយន្តទាំងស្រុង និងបានដាក់ដេញថ្លៃលក់ថែមទៀត ដែលនេះគឺល្មើសពីវិន័យដែលក្រុមហ៊ុនបានដាក់ទាំងស្រុង ហើយចាប់តាំងពីមានហេតុការណ៍នោះមក Ferrari បានសម្រេចចិត្តឈប់លក់រថយន្តពួកគេទៅឲ្យ Justin Bieber តទៀតហើយ៕
ប្រភព: Marca