ជាការពិត ការក្លាយជាមហាសេដ្ឋីមិនមែនអាចកើតឡើងបានត្រឹមរយៈពេលខ្លីឡើយ វាស៊ីសងទៅលើការខិតខំប្រឹងប្រែង និងឱកាសផង គួបផ្សំជាមួយទេពកោសល្យទៀត ទើបវាអាចលេចចេញជារូបរាងបាន ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះឡើយ។

មុននឹងក្លាយជាមហាសេដ្ឋីមានបំផុតលើលោក បុគ្គលខ្លះក៏ស្នងមរតកពីគ្រួសារ កាន់កាប់ជំនួញខ្នាតយក្សបន្តវង្សត្រកូល ខ្លះទៀតក៏ផ្ដើមចេញពីបាតដៃទទេ ជាក់ស្ដែងដូចជាមហាសេដ្ឋីមានបំផុតលើលោក Elon Musk គឺពីដើមឡើយ លោកគ្រាន់តែជាក្មេងប្រុសម្នាក់ដែលធ្លាប់ទៅរស់នៅប្រទេសកាណាដា និងធ្វើការងារគ្រប់យ៉ាងឲ្យតែបានប្រាក់នៅកសិដ្ឋាន និងរោងឈើប៉ុណ្ណោះ មុនក្លាយជាមហាសេដ្ឋីដូចសព្វថ្ងៃ។
ខាងក្រោមគឺជាការរៀបរាប់ត្រួសៗអំពីការងារតំបូងរបស់មហាសេដ្ឋីមានបំផុត ៧ រូបលើលោក៖
1/ Elon Musk

បច្ចុប្បន្ន បុរសម្នាក់នេះគ្រប់គ្រងក្រុមហ៊ុនធំៗជាច្រើនដូចជា Tesla, SpaceX ហើយថ្មីៗនេះទើបនឹងទិញបានក្រុមហ៊ុន Twitter ទៀតផង។ យ៉ាងណា មហាសេដ្ឋីមានបំផុតលើលោកជាមួយទំហំទ្រព្យសម្បត្តិ ២៤៦ ពាន់លានដុល្លារ ម្នាក់នេះមិនមែនកើតមកក្នុងគ្រួសារលំដាប់អភិជនឡើយ។
ការងារតំបូងរបស់ Musk គឺធ្វើការងារគ្រប់យ៉ាងនៅកសិដ្ឋាន និងរោងឈើនៅប្រទេសកាណាដាក្នុងឆ្នាំ ១៩៨៩ នៅពេលលោកបានរើទៅនៅទីនោះមួយរយៈជាមួយបងប្អូនជីដូនមួយ។
2/ Bernard Arnault

មហាសេដ្ឋីមានបំផុតនៅអឺរ៉ុបម្នាក់នេះ គឺកើតមកនៅក្នុងគ្រួសារលំដាប់អភិជនស្រាប់តែម្ដង ពោលបន្ទាប់ពីរៀនចប់ផ្នែកវិស្វកម្ម លោកបានចូលមកប្រឡូកនៅក្នុងក្រុមហ៊ុនរបស់ឪពុក Ferret-Savinel នៅឆ្នាំ ១៩៧១ និងបានក្លាយជាប្រធានក្រុមហ៊ុនពីឆ្នាំ ១៩៧៨ ដល់ ១៩៨៤។
3/ Jeff Bezos

ស្ថាបនិកក្រុមហ៊ុន Amazon ម្នាក់នេះគឺជាមហាសេដ្ឋីមានបំផុតទី ៣ លើលោក ជាមួយទំហំទ្រព្យសម្បត្តិប្រមាណ ១៥០ ពាន់លានដុល្លារ ហើយអាចនិយាយបានថា លោកធ្លាប់ទទួលបានឱកាសការងារជាច្រើនពីក្រុមហ៊ុនធំៗដូចជា Intel, Bell Labs ជាដើម បន្ទាប់ពីបញ្ចប់ការសិក្សានៅ Princeton University។
តែការងារតំបូងដែលលោកបានធ្វើគឺនៅក្រុមហ៊ុន Fitel ដែលជាក្រុមហ៊ុនទូរគមនាគមន៍ ហើយតួនាទីរបស់លោកនាពេលនោះគឺ បង្កើតបណ្ដាញពាណិជ្ជកម្មអន្តរជាតិ។
4/ Bill Gates

លោកគឺជាបុរសម្នាក់ដែលលេចធ្លោខ្លាំង ដោយសារក្ដីមានៈបញ្ឈប់ការសិក្សា តាមចាប់ក្ដីស្រមៃរហូតបានជោគជ័យក្លាយជាបុគ្គលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភច្រើនជាងគេមួយរូបលើលោក។ តែមុននឹងបង្កើតបានក្រុមហ៊ុន Microsoft នៅឆ្នាំ ១៩៧៥ បុរសម្នាក់នេះ និងមិត្តវិទ្យាល័យ Paul Allen ធ្លាប់ធ្វើការនៅក្រុមហ៊ុនបច្ចេកវិទ្យា Honeywell នៅរដូវក្ដៅឆ្នាំ ១៩៧៤ ផងដែរ។
5/ Gautam Adani

មហាសេដ្ឋីមានបំផុតនៅឥណ្ឌា និងអាស៊ីម្នាក់នេះគឺជាមហាសេដ្ឋីដែលរកស៊ីដោយបាតដៃទទេ ពោលនៅឆ្នាំ ១៩៧៨ បុរសម្នាក់នេះបានរើទៅនៅទីក្រុង Mumbai ខណៈការងារតំបូងរបស់លោកគឺជាអ្នកតម្រៀបត្បូងនៃក្រុមហ៊ុន Mahendra Brothers។
6/ Warren Buffett

អាចនិយាយបានថា បិតាវិនិយោគិនម្នាក់នេះគឺជាមហាសេដ្ឋីកសាងខ្លួនពីបាតដៃទទេ បើទោះជាការងារដំបូងរបស់លោក គឺជាភ្នាក់ងារលក់គម្រោងវិនិយោគនៅក្រុមហ៊ុនឪពុក Buffett-Falk & Co ក្ដី ដោយលោកបានធ្វើការនៅទីនោះតែ ៣ ឆ្នាំប៉ុណ្ណោះពោលពីឆ្នាំ ១៩៥១-១៩៥៤។
7/ Mukesh Ambani

មហាសេដ្ឋីមានបំផុតទី ២ នៅឥណ្ឌា កើតក្នុងគ្រួសារវណ្ណៈមធ្យមមិនខ្វះមុខខ្វះក្រោយ ល្មមអាចផ្គត់ផ្គង់លោកឲ្យរៀនសូត្រចប់ចុងចប់ដើម ប៉ុន្តែនៅឆ្នាំ ១៩៨០ លោកសម្រេចចិត្តឈប់រៀនពីសកលវិទ្យាល័យ Stanford University មកធ្វើការងារជាមួយឪពុក ដើម្បីបន្តជំនួញគ្រួសារពីពេលនោះមក៕
ប្រភព: Scoopwhoop