រដ្ឋបាលប្រធានាធិបតី លោក Joe Biden នឹងធ្វើការបែងចែកមូលនិធិហេដ្ឋារចនាសម្ព័ន្ធជាង ៣ ពាន់លានដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ ការផលិតអាគុយរថយន្តអគ្គិសនី ទ្រង់ទ្រាយធំ។ នេះបើយោងតាមមន្ត្រីសហរដ្ឋអាមេរិកបាននិយាយ នៅថ្ងៃចន្ទ សប្តាហ៍នេះ ។
ជាក់ស្តែង មូលនិធិនេះផងដែរ នឹងត្រូវបែងចែកដោយក្រសួងថាមពលសហរដ្ឋអាមេរិក ពីកញ្ចប់ថវិកាហេដ្ឋារចនាសម្ព័ន្ធ ដែលមានតម្លៃ ១ ទ្រីលានដុល្លារ ដែលត្រូវបានចុះហត្ថលេខាអនុម័តដោយលោក Biden កាលពីឆ្នាំមុន ។
គួរឱ្យដឹងថា លោក Biden ចង់ឱ្យពាក់កណ្តាលនៃរថយន្តដែលប្រើប្រាស់នៅក្នុងប្រទេស ត្រូវលក់ជាប្រភេទអគ្គិសនី នៅឆ្នាំ ២០៣០ ដែលជាគោលដៅចម្បងមួយថានឹងអាចជំរុញការងារផលិតកម្មសហជីព នៅក្នុងរដ្ឋនីមួយៗ ដែលមានការប្រកួតប្រជែងសន្លឹកឆ្នោត រួមទាំងការរារាំងការប្រកួតប្រជែងរបស់ចិន នៅក្នុងទីផ្សាររថយន្តអគ្គិសនី ដែលកំពុងមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ក៏ដូចជាចង់កាត់បន្ថយការបំភាយឧស្ម័នពុលកាបូន ដែលកំពុងធ្វើឱ្យមានការផ្លាស់ប្តូរអាកាសធាតុខ្លាំងផងដែរ ។
មិនតែប៉ុណ្ណោះ រដ្ឋបាលរបស់លោក Biden ក៏កំពុងដាក់ទីតាំងវិធានការជាជំហានមួយ ដើម្បីធានាបាន នូវឯករាជ្យភាពថាមពល និងកាត់បន្ថយសម្ពាធអតិផរណា រយ:ពេលវែង ដែលកាន់តែមានសភាពធ្ងន់ធ្ងរឡើង បន្ទាប់ពីមានការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន នៅថ្ងៃទី ២៤ ខែកុម្ភ: មក ។
លើសពីនេះ លោក Mitch Landrieu អ្នកសម្របសម្រួលផ្នែកហេដ្ឋារចនាសម្ព័ន្ធសេតវិមាន បានប្រាប់អ្នកយកព័ត៌មាន ក្នុងសន្និសីទខ្លីមួយថា ” នៅពេលដែលយើងប្រឈមមុខ នឹងការដំឡើងតម្លៃប្រេង និងឧស្ម័ន របស់លោក Putin នោះវាជារឿងដ៏សំខាន់ ក្នុងការងាកមកផ្តោតលើរថយន្តអគ្គិសនី ដែលនឹងមានតម្លៃថោកជាង ក្នុងរយ:ពេលយូរ សម្រាប់គ្រួសារអាមេរិក “៕
ប្រភព: CNA