វិបត្តិសេដ្ឋកិច្ចនៃប្រទេសស្រីលង្កាបានធ្វើឲ្យការនាំចេញតែដែលជាទំនិញសំខាន់បំផុតប្រចាំប្រទេស បានធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល ២៣ ឆ្នាំចុងក្រោយ ដោយសារការហាមមិនឲ្យនាំចូលនូវជីគីមី ស្របពេលសង្គ្រាមនៅអ៊ុយក្រែនផង។ នេះបើតាមទិន្នន័យបង្ហាញកាលពីថ្ងៃពុធ។

តែគឺជាទំនិញសំខាន់បំផុតប្រចាំប្រទេសដីកោះមួយនេះ ដែលអាចនាំចំណូលប្រមាណ ១,៣ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ មុនពេលវិបត្តិសេដ្ឋកិច្ចកើតមានឡើងដែលជាព្រឹត្តិការណ៍អាក្រក់បំផុតចាប់តាំងពីប្រទេសមួយនេះទទួលបានឯករាជនៅឆ្នាំ ១៩៤៨។
ក្រឡេកទៅមើលមូលហេតុចំបងដែលធ្វើឲ្យការនាំចេញតែនៃប្រទេសមួយនេះធ្លាក់ចុះ ដោយសារកាលពីឆ្នាំទៅរដ្ឋាភិបាលបានចេញបម្រាមសម្រាប់ការនាំចូលជីគីមីពីក្រៅប្រទេស ដែលធ្វើឲ្យការផលិតធ្លាក់ចុះ ១៨%។

ដោយឡែក សម្រាប់ត្រីមាសទីមួយនៅឆ្នាំ ២០២២ នេះវិញ ការនាំចេញតែបានធ្លាក់ចុះពី ៦៩,៨ លានគីឡូ មកនៅត្រឹម ៦៣,៧ លានគីឡូ បើធៀបនឹងឆ្នាំទៅ ខណៈចំណូលក៏ធ្លាក់ចុះពី ៣៣៨ លានដុល្លារ មកសល់ត្រឹម ២៨៧ លានដុល្លារផងដែរ។
ជាមួយគ្នានោះក្រុមហ៊ុនលក់តែប្រចាំប្រទេស Asia Siyaka បានចោទប្រកាន់ថាការធ្លាក់ចុះនៃការនាំចេញតែគឺដោយសារ បម្រាមនាំចូលជីគីមីពីក្រៅប្រទេសដែលបណ្ដាលឲ្យការផលិតមានការធ្លាក់ចុះ និងមិនអាចបំពេញតម្រូវការអន្តរជាតិបានគ្រប់គ្រាន់។

បើទោះបីជារដ្ឋាភិបាលបានលុបចោលច្បាប់នាំចូលជីពីក្រៅប្រទេសកាលពីខែតុលាមែនក្ដី តែអ្វីៗហួសពេលទៅហើយ ដ្បិតប្រជាកសិករទាំងអស់សុទ្ធតែគ្មានលុយដុល្លារដើម្បីទិញជីពីក្រៅស្រុក ដោយសារប្រទេសដីកោះមួយនេះបានផុងខ្លួនជ្រៅក្នុងរណ្ដៅបំណុលបាត់ទៅហើយ៕
ប្រភព: RFI