កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តទំនើបអង់គ្លេស Aston Martin បានប្រកាសពីការតែងតាំងនាយកប្រតិបត្តិថ្មី ដែលត្រូវជាអតីតថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបរបស់ក្រុមហ៊ុន Ferrari គឺលោកAmedeo Felisa។

លោក Felisa ធ្លាប់ដឹកនាំក្រុមហ៊ុន Ferrari ចន្លោះពីឆ្នាំ ២០០៨ ដល់ ២០១៦ ខណៈដែលក្រុមហ៊ុនរថយន្តទំនើបមួយនេះនៅជាចំណែកមួយនៃក្រុមហ៊ុន Fiat Group នៅឡើយ ហើយមូលហេតុដែល Aston Martin សម្រេចយករូបលោកមកកាន់តំណែង CEO ដោយសារ ចង់ផ្ដោតសំខាន់លើចក្ខុវិស័យផលិតរថយន្តអគ្គិសនីទាំងអស់នៅឆ្នាំ ២០២៥។

ទន្ទឹមនឹងនោះ ម្ចាស់ភាគហ៊ុនធំបំផុតនៃក្រុមហ៊ុនផលិតរថយន្តទំនើបអង់គ្លេស គឺមហាសេដ្ឋី Lawrence Stroll បានបង្ហើបឲ្យដឹងថា គោលបំណងបន្ទាប់របស់ Aston Martin គឺនឹងបើកទទួលការកុម្ម៉ង់កែច្នៃរថយន្តតាមចំណង់ចំណូលចិត្តរបស់អតិថិជន ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Ferrari។

ក្រៅពីចុចឈ្មោះលោក Felisa ជា CEO ថ្មីប្រចាំក្រុមហ៊ុន Aston Martin ក៏បានចាត់តាំងលោក Roberto Fedeli ដែលជាអតីតថ្នាក់ដឹកនាំក្រុមហ៊ុន Ferrari និង BMW មកកាន់កាប់តំណែងប្រធានផ្នែកបច្ចេកទេសនៃក្រុមហ៊ុនផងដែរ៕
ប្រភព: RT