កន្លងមក ក្រុមគណៈរដ្ឋមន្ត្រីរបស់ប្រទេសស្រីលង្កាបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកក្នុងគោលបំណងតែមួយគត់គឺ ស្នើសុំកញ្ចប់ជំនួយស្រោចស្រង់សេដ្ឋកិច្ចជាតិដែលកំពុងជួបវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុតតាំងពីទទួលបានឯករាជ្យឆ្នាំ ១៩៤៨។

ជាលទ្ធផល ធនាគារពិភពលោកបានសម្រេចបញ្ចេញកញ្ចប់ជំនួយដែលមានតម្លៃប្រមាណ ៣០០ លានដុល្លារ ជូនទៅកាន់ប្រទេសស្រីលង្កាដើម្បីទប់ទល់ស្ថានភាពប្រចាំថ្ងៃបណ្ដើរៗ អំឡុងពេលរកដំណោះស្រាយដែលមានប្រសិទ្ធភាពជាងនេះ។

តែថ្មីៗនេះ មន្ត្រីផ្នែកហិរញ្ញវត្ថុប្រចាំប្រទេសដីកោះបានទម្លាយថា ស្រីលង្កាកំពុងមានគម្រោងស្នើសុំទៅកាន់ធនាគារពិភពលោកក្នុងការបន្ថែមទឹកលុយពី ៣០០ ទៅ ៧០០ លានដុល្លារ ដោយសារស្ថានការណ៍បច្ចុប្បន្នគឺកំពុងស្ថិតនៅក្នុងចំណុចប្រកាសអាសន្នហើយ។

មួយវិញទៀត ដោយសារតែវិបត្តិសេដ្ឋកិច្ចកើតឡើងភ្លាមៗ បានធ្វើឲ្យការផ្គត់ផ្គង់ស្បៀងអាហារ ប្រេង និងថ្នាំសង្កូវមានការខ្វះខាតជាខ្លាំង រហូតធ្វើឲ្យប្រជាជនមានការខឹងសម្បារដល់ថ្នាក់ធ្វើបាតុកម្មតាមដងផ្លូវ និងបង្កជាអំពើហិង្សាថែមទៀតផង។
ដោយឡែក មន្ត្រីហិរញ្ញវត្ថុខាងលើបានបង្ហើបថា ស្រីលង្កានឹងបើកការប្រជុំទាក់ទងនឹងការចាត់តាំងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ និងរៀបចំដំណោះស្រាយបំណុលឡើងវិញ ក៏ដូចជានឹងសហការជាមួយ IMF ទាំងស្រុងចំពោះការស្វែងរកដំណោះស្រាយដែលកំពុងកើតមានឡើង៕
ប្រភព: Usnews