ប្រាក់ចំណូលរបស់ក្រុមហ៊ុនលំដាប់កំពូលវៀតណាម Vingroup បានធ្លាក់ចុះរហូតដល់ទៅ ២២% នៅក្នុងត្រីមាសទីមួយ នៃឆ្នាំ ២០២២ នេះ ដល់ចំនួន ១៨,២៣ ទ្រីលានដុង ឬស្មើនឹង ៧៩៣,៥៩ លានដុល្លារ ។
ដោយឡែកសម្រាប់ប្រាក់ចំណេញមុនពេលបង់ពន្ធវិញ បានធ្លាក់ចុះ ៣១% មកនៅត្រឹមចំនួន ១,៩៣ ទ្រីលានដុង បន្ទាប់ពីក្រុមហ៊ុនឯកជនដ៏ធំបំផុតរបស់វៀតណាមនេះ បាននិយាយថា ទាំងការលក់អចលនទ្រព្យ និងផលិតកម្មរបស់ខ្លួន សុទ្ធសឹងតែបានធ្លាក់ចុះទាំងអស់ ។
គួរឱ្យដឹងថា អាជីវកម្មរថយន្ត VinFast របស់ខ្លួន លក់បានជាង ៦ ៧០០ គ្រឿង ក្នុងត្រីមាសទីមួយឆ្នាំនេះ។ ស្របពេល VinFast បានទទួលការបញ្ជាទិញជាមុន ក្នុងចំនួន ៦០ ០០០ គ្រឿង សម្រាប់រថយន្តអគ្គិសនីរបស់ខ្លួន ម៉ូដែល VF8 និង VF9 ដែលក្រុមហ៊ុនប្រកាសថានឹងផលិត នៅក្នុងរោងចក្រដំបូងរបស់ខ្លួន នៅរដ្ឋ North Carolina ទឹកដីសហរដ្ឋអាមេរិក ។
ដោយឡែក សម្រាប់អាជីវកម្មលំដៅឋាន Vinhomes វិញ បានបើកដំណើរការអាផាតមិន ចំនួន ១ ៥០០ យូនីត នៅ Vinhomes Ocean Park ក្នុងទីក្រុងហាណូយ សម្រាប់ត្រីមាសទីមួយឆ្នាំនេះ ហើយលក់បាន ៨០% នៃចំនួននេះ គិតត្រឹមចុងខែមីនា ។
ជាមួយគ្នានេះ ក្រុមហ៊ុនអចលនទ្រព្យពាណិជ្ជកម្ម Vincom Retail បានបើកដំណើរការផ្សារទំនើប Mega Mall ទីបួន របស់ខ្លួននៅក្នុងទីក្រុងហាណូយ នៅក្នុងត្រីមាសទីមួយនេះផងដែរ ស្របពេលក្រុមហ៊ុនបុត្រសម្ព័ន្ធទេសចរណ៍ Vinpearl ទទួលបានកំណើន ២៣% ដោយសារការងើបឡើងវិញ នៃតម្រូវការទេសចរណ៍ ក្រោយវិបតិ្តកូវីដ ១៩ ធូរស្រាល ៕
ប្រភព: VN Express