កាលពីពេលកន្លងទៅ ទូរទស្សន៍ចិន CCTV បានផ្សាយព័ត៌មានមួយស្ដីពីការចាប់ខ្លួនបុរសម្នាក់ដែលមានឈ្មោះ Ma នៅខេត្ត Zhejiang ដែលជាមូលដ្ឋាននៃក្រុមហ៊ុនយក្ស Alibaba។

ដំណឹងខាងលើបានធ្វើឲ្យម្ចាស់ភាគហ៊ុនធំៗសម្រុកលក់ភាគហ៊ុនទាំងមានតម្លៃថោក ដោយយល់ឃើញថា បុរសដែលត្រូវបានចាប់ខ្លួននោះគឺជា Jack Ma មហាសេដ្ឋីចិន ហើយការយល់ច្រឡំមួយនោះបានធ្វើឲ្យក្រុមហ៊ុន Alibaba ខាតបង់ថវិកាប្រមាណ ២៦,៥ ពាន់លានដុល្លារ។
ដោយឡែក បុរសដែលត្រូវបានចាប់ខ្លួននៅថ្ងៃទី ២៥ មេសានោះវិញ គឺមានវ័យ ៣៧ ឆ្នាំ ជាបុគ្គលិកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុនមួយនៅទីក្រុង Wenzhou ខេត្ត Zhejiang ខណៈស្ថាបនិក Alibaba គឺមានវ័យ ៥៧ ឆ្នាំ។

មិនតែប៉ុណ្ណោះ Global Times ក៏បានរាយការណ៍ដែរថា ឈ្មោះពេញរបស់បុរសដែលត្រូវបានចាប់ខ្លួននោះគឺមាន ៣ តួអក្សរ ខណៈមហាសេដ្ឋីចិនគឺមានតែ ២ អក្សរប៉ុណ្ណោះ ដូច្នេះគេអាចសន្និដ្ឋានបានថា ចចាមអារ៉ាមខាងលើគឺជាព័ត៌មានមិនពិត។
បញ្ជាក់ដែរថា បុរសឈ្មោះ Ma ដែលត្រូវបានរដ្ឋាភិបាលចាប់ខ្លួន គឺក្រោយរងការចោទប្រកាន់ បានឃុបឃិតជាមួយអង្គការប្រឆាំងរដ្ឋាភិបាលក្រៅប្រទេស និងបទញុះញង់ឲ្យមានអបគមន៍ ស្របពេលបច្ចុប្បន្ន Jack Ma នៅមិនទាន់ចេញមុខបំភ្លឺពីព័ត៌មាននៃរឿងរ៉ាវមួយនេះនៅឡើយទេ៕
ប្រភព: Yahoo