ចិន និងរុស្ស៊ី គ្រោងប្រើប្រាស់ប្រព័ន្ធទូទាត់ Mir និង UnionPay ឱ្យដំណើរការទូលំទូលាយ ក្នុងប្រទេសទាំងពីរ

អន្តរជាតិ

ធនាគារកណ្តាលរបស់ប្រទេសចិន និងរុស្ស៊ី នឹងធ្វើការពិភាក្សាអំពីការប្រើប្រាស់ និងការផ្សព្វផ្សាយប្រព័ន្ធទូទាត់សាច់ប្រាក់ជាតិរៀងៗខ្លួន នៅក្នុងប្រទេសទាំងពីរ ។ នេះបើយោងតាមបេសកជនរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ប្រចាំនៅទីក្រុងម៉ូស្គូ បានប្រាប់សារព័ត៌មាន TASS កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង លោក Zhang Hanhui បាននិយាយថា ” ទាក់ទងទៅនឹងការផ្សព្វផ្សាយ និងការប្រើប្រាស់ប្រព័ន្ធទូទាត់ជាតិ Mir និង China UnionPay នៅក្នុងប្រទេសទាំង ២ នឹងត្រូវបានសម្រេចដោយធនាគារកណ្តាលរបស់ភាគីប្រទេសទាំង ២ នៅក្រោយកិច្ចពិភាក្សាមួយត្រូវធ្វើឡើង ” ។

គួរឱ្យដឹងថា Mir និង UnionPay ស្ថិតនៅក្នុងចំណោមជម្រើសមួយចំនួន ដែលនៅសេសសល់សម្រាប់ប្រជាជនរុស្ស៊ី ក្នុងការទូទាត់នៅបរទេស ចាប់តាំងពីធនាគារុស្ស៊ី ត្រូវបានកាត់ផ្តាច់ពីប្រព័ន្ធហិរញ្ញវត្ថុសកល ដោយសារតែរងទណ្ឌកម្ម ចំពោះការឈ្លានពានទៅលើអ៊ុយក្រែនមក ។

Visa និង MasterCard ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនរបស់ប្រទេសលោកខាងលិចជាច្រើនទៀត ដែលបានផ្អាកប្រតិបត្តិការ នៅក្នុងប្រទេសរុស្ស៊ី ។

ដោយឡែក ប្រទេសចិនបានបដិសេធមិនធ្វើការថ្កោលទោស ចំពោះសកម្មភាពរបស់រុស្ស៊ី ទៅលើអ៊ុយក្រែននោះទេ ហើយថែមទាំងបានធ្វើការរិះគន់ចំពោះការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ទៅលើរដ្ឋាភិបាលទីក្រុងម៉ូស្គូទៀតផង ។

មិនតែប៉ុណ្ណោះ ឯកអគ្គរដ្ឋទូតបានននិយាយថា ប្រទេសចិន នឹងប្រើប្រាស់ធនាគាររបស់ខ្លួន ដើម្បីប្រតិបត្តិការជាប្រាក់យ៉ន់ នៅលើទឹកដីប្រទេសរុស្ស៊ី ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនៃពាណិជ្ជកម្មទ្វេរភាគី ដែលរុស្ស៊ី រំពឹងថានឹងអាចឈានដល់ ២០០ ពាន់លានដុល្លារ នៅឆ្នាំ ២០២៤ ៕

ប្រភព: CNA