កាលពីពេលកន្លងទៅ មហាសេដ្ឋីមានបំផុតលើលោក Elon Musk បានសម្រេចទិញយកក្រុមហ៊ុនបណ្ដាញសង្គម Twitter ក្នុងទំហំទឹកប្រាក់ប្រមាណ ៤៤ ពាន់លានដុល្លារ ខណៈបច្ចុប្បន្នភាគីទាំងសងខាងកំពុងរត់ឯកសារផ្ទេរសិទ្ធគ្រប់គ្រងក្រុមហ៊ុន។

ការទិញក្រុមហ៊ុនចាបខៀវខាងលើរបស់ស្ថាបនិក SpaceX ក៏ទទួលបានការគាំទ្រខ្លាំងពីបុគ្គលល្បីៗជាច្រើន ហើយក៏ទទួលបានការឧបត្ថម្ភជាទឹកប្រាក់ដើម្បីសម្រួលដល់ការទិញនោះមួយចំនួនធំផងដែរ។
ជាក់ស្ដែង Elon Musk ទទួលបានកញ្ចប់ជំនួយពីវិនិយោគិនដូចជា Sequoia Capital និង Adreessen Horowitz ក្នុងទំហំទឹកប្រាក់ ៧,១ ពាន់លានដុល្លារ ពីក្រុមហ៊ុន Qatar ៣៧៥ លានដុល្លារ ស្របពេល Saudi Arabia ក៏មានចំណែកក្នុងនោះផងដែរ។

ទន្ទឹមនឹងនោះ បើសិនជាការផ្ទេរក្រុមហ៊ុនបានសម្រេចជាផ្លូវការ Twitter អាចនឹងមានការរៀបចំរចនាសម្ព័ន្ធការងារថ្មីឡើងវិញ ដើម្បីអាចសម្របសម្រួលទៅតាមអ្វីដែលមេធំ Tesla ចង់បាន។
ការកែប្រែមួយចំនួននោះអាចនឹងរាប់បញ្ចូលទាំងការផ្លាស់ប្ដូរ CEO ថ្មី ប្រព័ន្ធការងារ និងការរកចំណូលតាម Twitter ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានក្រៅស្រុកមួយចំនួន៕
ប្រភព: Independent