មហាសេដ្ឋីមានបំផុតលើពិភពលោក Elon Musk ថ្មីៗនេះ បានបង្ហើបពីគោលបំណងរបស់ខ្លួន ក្នុងការបង្កើនប្រាក់ចំណូលប្រចាំឆ្នាំ របស់ក្រុមហ៊ុន Twitter ឱ្យដល់ ២៦,៤ ពាន់លានដុល្លារ នៅឆ្នាំ ២០២៨ ពោលចំនួននេះ គឺជាការកើនឡើងពី ៥ ពាន់លានដុល្លារ កាលពីឆ្នាំមុន ។ នេះបើយោងតាមសារព័ត៌មាន New York Times បានរាយការណ៍កាលពីថ្ងៃសុក្រ ។
ជាក់ស្តែង ការផ្សព្វផ្សាយពាណិជ្ជកម្ម អាចនឹងបង្កើតប្រាក់ចំណូលបានប្រហែល ១២ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៨ ក្រោមការគ្រប់គ្រងរបស់លោក Musk ស្របពេលចំណូលពីការចូលជាសមាជិក រំពឹងថានឹងទាញបានប្រហែល ១០ ពាន់លានដុល្លារផ្សេងទៀត ។
មិនតែប៉ុណ្ណោះ សារព័ត៌មាន NYT បានរាយការណ៍ទៀតថា ក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្សមួយនេះ នឹងនាំយកទឹកប្រាក់ចំនួន ១៥ លានដុល្លារអាមេរិក ពីអាជីវកម្មទូទាត់របស់ខ្លួន នៅឆ្នាំ ២០២៣ ដែលវានឹងកើនឡើងដល់ប្រហែល ១,៣ ពាន់លានដុល្លារ នៅឆ្នាំ ២០២៨ ។
គួរឱ្យដឹងថាស្ថាបនិករបស់ក្រុមហ៊ុន Tesla និង SpaceX រូបនេះ បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ កាលពីខែមុន ដើម្បីទិញយកក្រុមហ៊ុន Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ ជាសាច់ប្រាក់សុទ្ធ ដើម្បីគ្រប់គ្រងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយ ដែលមានអ្នកប្រើប្រាស់រាប់លាននាក់ ។
បញ្ជាក់ទៀតថា លោក Musk ត្រូវបានគេរំពឹងថានឹងក្លាយជានាយកប្រតិបត្តិបណ្តោះអាសន្នរបស់ Twitter បន្ទាប់ពីការទិញនេះ ខណ:ពេលដែលមហាសេដ្ឋីរូបនេះ ព្យាយាមបន្ថែមអ្នកវិនិយោគថ្មីៗ ទៅក្នុងកិច្ចព្រមព្រៀងនេះផងដែរ ។
លើសពីនេះ សារព័ត៌មាន NYT បានបញ្ជាក់ទៀតថា បណ្តាញសង្គម Twitter ត្រូវបានគេរំពឹងថា នឹងមានអ្នកប្រើប្រាស់ប្រមាណ ៦៩ លាននាក់ នៅឆ្នាំ ២០២៥ ៕
ប្រភព: CNA