មុនពេលបិទផ្សារហ៊ុននាសប្ដាហ៍នេះ មហាសេដ្ឋីមានបំផុត ៤ រូបលើពិភពលោកបានបាត់បង់ថវិកាប្រហែល ៣៦ ពាន់លានដុល្លារ ដោយសារការធ្លាក់ចុះតម្លៃហ៊ុនអាក្រក់បំផុតក្នុងរយៈពេល ២ ឆ្នាំចុងក្រោយ។

មិនមែនមានតែមហាសេដ្ឋី ៤ រូបនោះឡើយដែលខូចខាតទ្រព្យសម្បត្តិអស់រាប់ពាន់លានដុល្លារ នៅមានក្រុមហ៊ុនធំៗជាច្រើនទៀតដែលទទួលរងការខាតបង់ធ្ងន់ធ្ងរនេះដូចគ្នា ពោលគឺសរុបការខាតបង់នៅលើផ្សារហ៊ុនអន្តរជាតិទាំងមូល គឺមានដល់រាប់រយពាន់លានដុល្លារឯណោះ។

មូលហេតុដែលធ្វើឲ្យតម្លៃហ៊ុនមានការធ្លាក់ចុះខ្លាំងបែបនេះ គឺដោយសារវិនិយោគិនជាច្រើនរូបបានសម្រុកលក់ភាគហ៊ុនរបស់ពួកគេជាច្រើន បន្ទាប់ពីមានការប្រកាសតំឡើងទុនបម្រុងសហព័ន្ធ ដើម្បីទប់ស្កាត់ការបង្កអតិផរណា ដ្បិតសកម្មភាពសេដ្ឋកិច្ចបច្ចុប្បន្នកំពុងស្ថិតនៅសភាពយ៉ាប់យ៉ឺន។

ការលក់ភាគហ៊ុនទាំងតក់ក្រហល់បែបនេះបានធ្វើឲ្យតម្លៃហ៊ុនរបស់ក្រុមហ៊ុនកំពូលៗដូចជា Amazon និង Meta Platforms បានធ្លាក់ចុះដល់ទៅ ៨% និង ៧% និងបានធ្វើឲ្យមហាសេដ្ឋីមានបំផុតលើលោក Elon Musk ខាតប្រាក់អស់ជិត ២០ ពាន់លានដុល្លារត្រឹមរយៈពេលមួយថ្ងៃ។

ដោយឡែក មហាសេដ្ឋី ៤ រូបដែលរបូតថវិកាអស់រាប់ពាន់លានដុល្លារនោះមានដូចជា Elon Musk ខាតបង់ថវិកា ១៨,៥ ពាន់លានដុល្លារ ខណៈ Jeff Bezos របូតអស់ ៩,៧៣ ពាន់លានដុល្លារ ស្របពេល Bernard Arnault បាត់បង់អស់ ៤,៨៤ ពាន់លានដុល្លារ និង Bill Gates ខាតបង់ ២,៦៨ ពាន់លានដុល្លារ៕
ប្រភព: Nairametrics