លោក John Lee ដែលជាបេក្ខភាពតែម្នាក់គត់របស់ហុងកុង ក្នុងការក្លាយខ្លួនជាមេដឹកនាំថ្មី បានបេ្តជ្ញាចិត្តថា នឹងបើកច្រកព្រំដែនឡើងវិញ ជាមួយប្រទេសចិន រួមទាំងពិភពលោកទាំងមូល ដែលវាគឺជាគោលដៅអាទិភាព នៅក្រោយការចូលកាន់តំណែងរបស់ខ្លួន ។ នេះបើយោងតាមសារព័ត៌មាន Sout China Morning Post បានចុះផ្សាយ ។
ជាក់ស្តែង លោក Lee ដែលបានឈ្នះឆ្នោត កាលពីថ្ងៃអាទិត្យ បានបញ្ជូនរដ្ឋមន្រ្តីរបស់ខ្លួន ក្នុងដំណើរទៅក្រៅប្រទេស ដើម្បីទាក់ទាញអ្នកជំនួញបរទេស និងអ្នកទេសចរ ឱ្យមកកាន់ទីក្រុង ដែលត្រូវបានគេចាត់ទុកថាជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី ។ នេះបើយោងតាមរបាយការណ៍ SCMP បានលើកឡើង ស្របពេលប្រភពដដែលនេះ សង្កត់ធ្ងន់ទៀតថា គោលដៅចម្បងរបស់ លោក Lee គឺដើម្បី ដកចេញនូវឧបសគ្គ ក្នុងការបើកច្រកព្រំដែនរបស់ហុងកុងឡើងវិញ បើទោះបីជាមាន បញ្ហាប្រឈមជាច្រើន ក៏ដោយ ។
មិនតែប៉ុណ្ណោះ ការលើកឡើងរបស់ លោក Lee គឺត្រូវបានធ្វើឡើង បន្ទាប់ពីលោកបានបើកកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណិតចំនួន ២ ជាមួយក្រុមហ៊ុនធុរកិច្ច រួមទាំងសភាអន្តរជាតិ ក្រុមហ៊ុនខ្នាតតូច និងមធ្យម ហើយរួមទាំងក្រុមហ៊ុនឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ ផងដែរ ។
លើសពីនេះ នៅក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុនធុរកិច្ចនេះ មេដឹកនាំថ្មីរូបនេះ បានសង្កត់ធ្ងន់ថា សកម្មភាពសេដ្ឋកិច្ច ពិតជាមានសារ:សំខាន់ សម្រាប់ទីក្រុងហុងកុង ក្នុងការរក្សាការប្រកួតប្រជែង ដូច្នេះយើង ត្រូវតែធ្វើឱ្យសកម្ម ក្នុងការរក្សាទំនាក់ទំនងរបស់ហុងកុង ជាមួយពិភពលោក និងចិនដីគោក ។
គួរឱ្យដឹងផងដែរថា ទីក្រុងហុងកុង បាននឹងកំពុងបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺកូវីដ ១៩ មួយចំនួនរួចមកហើយ នៅក្នុងខែនេនះ រួមទាំងការដកបម្រាមលើ អ្នកដំណើរដែលមិនមែនជាអ្នកនៅក្នុងទីក្រុងហុងកុង ចាប់ពីថ្ងៃទី ១ ខែឧសភា ខណ:ពេលដែលករណីឆ្លងប្រចាំថ្ងៃ នៅហុងកុង បានធ្លាក់ចុះមកនៅត្រឹមប្រហែល ៣០០ នាក់ ពីចំនួនខ្ពស់បំផុតជាង ៥០ ០០០ នាក់ ។
បន្ថែមពីនេះ លោក Lee បាននិយាយថា រដ្ឋាភិបាលបច្ចុប្បន្ន បាននឹងកំពុងព្យាយាមស្វែងរកតុល្យភាពរវាងអាជីវកម្ម និងកង្វល់សុខភាពសារណ: សម្រាប់ប្រជាជនហុងកុង ៕
ប្រភព: Bloomberg