ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៃតំបន់រដ្ឋបាលពិសេសហុងកុងលើកទី ៦ បានបញ្ចប់ ដោយអ្នកទទួលបានជ័យជម្នះគឺលោក John Lee ជាមួយការគាំទ្រដល់ទៅ ៩៩% ឈ្នះដាច់គូប្រជែង។

យ៉ាងណា តំណែងជានាយករដ្ឋមន្ត្រីប្រចាំតំបន់ HKSAR របស់លោក John Lee ហាក់ដូចជាមិនសូវទទួលបានការគាំទ្រខ្លាំងពីសហភាពអឺរ៉ុបឡើយ ពោលអ្នកនយោបាយ EU បានយល់ឃើញថា ការបោះឆ្នោតសារនេះគឺមានបញ្ហា ហើយថែមទាំងចោទចិនជាមេខ្លោងនៃរឿងនេះទៀត។

ជុំវិញបញ្ហាខាងលើ ភាគីខាងចិនបានបង្ហាញការមិនពេញចិត្តជាមួយការចោទប្រកាន់គ្មានគោលជំហរខាងលើជាខ្លាំង និងថែមទាំងបានព្រមានទៅកាន់សហភាពអឺរ៉ុបទៀតថា កុំចូលជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់ចិន រាប់បញ្ចូលទាំងហុងកុងផងដែរ។

ក្រឡេកទៅមើលភាគីខាងអឺរ៉ុបវិញបានចេញសេចក្ដីថ្លែងការណ៍មួយដោយលោក Josep Borrell ជាតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខបានអះអាងថា ការបោះឆ្នោតខាងលើគឺជាការរំលោភលើគោលការណ៍ប្រជាធិបតេយ្យ និងពហុនិយមនយោបាយ និងជាជំហានមួយក្នុងការលុបបំបាត់គោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធដឹកនាំពីរ”។
ទាក់ទងនឹងបញ្ហាខាងលើ ចិនបានព្រមានទៅកាន់ EU ឲ្យគោរពគោលការណ៍ច្បាប់អន្តរជាតិ និងទំនាក់ទំនងអន្តរជាតិ និងឈប់ជាបន្ទាន់ក្នុងការលូកដៃចូលបញ្ហាផ្ទៃក្នុងរបស់ប្រទេសចិន រាប់បញ្ចូលទាំងហុងកុង ប្រសិនបើមិនចង់ឲ្យទំនាក់ទំនងរវាងចិន និងសហភាពអឺរ៉ុបកាន់តែមានភាពល្អក់កករ។

បញ្ជាក់ដែរថា ក្រៅពីសហភាពអឺរ៉ុប និងគណបក្សប្រឆាំងមួយចំនួន ប្រជាពលរដ្ឋហុងកុង និងបណ្ដាប្រទេសជាច្រើនសុទ្ធតែបង្ហាញក្ដីសោមនស្សរីករាយជាមួយនឹងការឡើងកាន់តំណែងរបស់លោក John Lee ស្របពេលអ្នកតំណាងហុងកុងបានអះអាងថា អ្នកនយោបាយអឺរ៉ុបមួយចំនួនមានចេតនាលាបពណ៌ប្រទេសចិន ដោយខ្ចីដៃហុងកុង និងសំងំយកផលប្រយោជន៍តែឯង៕
ប្រភព: Dailytimes