សង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនគឺកំពុងស្ថិតក្នុងសភាពយ៉ាប់យ៉ឺននៅឡើយ ស្របពេលសហភាពអឺរ៉ុបនៅបន្តដាក់ទណ្ឌកម្មទៅលើក្រុមមហាសេដ្ឋី និងអ្នកជំនួញធំៗរុស្ស៊ីនៅឡើយ។

ជាក់ស្ដែង ទ្រព្យសម្បត្តិដែលសហភាពអឺរ៉ុបបានបង្កកទុកពីក្រុមមហាសេដ្ឋីមកទល់ពេលនេះគឺ មានដល់ប្រហែល ៣០០ ពាន់លានដុល្លារ ស្របពេលមហាអំណាចលោកខាងលិចបានគ្រប់គ្រងទ្រព្យសម្បត្តិរបស់ប្រធានាធិបតី Vladimir Putin ប្រហែលពាក់កណ្ដាល។
ទន្ទឹមនឹងនោះ មន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុបមួយរូបបានស្នើសុំ EU ឲ្យយកទ្រព្យសម្បត្តិទាំងអស់នោះ មកប្រើប្រាស់ក្នុងគោលបំណងស្រោចស្រង់ និងស្ដារឡើងវិញនូវសេដ្ឋកិច្ច ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនដែលកំពុងមានសភាពលំបាកលំបិន ដោយសារការឈ្លានពានរបស់រុស្ស៊ី។

ប្រធានគោលនយោបាយការបរទេសរបស់ EU លោក Josep Borrell បានបង្ហើបថា អាមេរិកគួរទុកថវិកាជំនួយ ៣,៥ ពាន់លានដុល្លារ ដែលគ្រោងបញ្ចេញទៅកាន់អ៊ុយក្រែន និងងាកមកប្រើប្រាស់ទ្រព្យសម្បត្តិដែល EU កំពុងបង្កកពីក្រុមមហាសេដ្ឋីរុស្ស៊ីវិញ។
ប្រាប់ទៅកាន់ TBEN មន្ត្រី EU ខាងលើនិយាយ៖ “ខ្ញុំនឹងគាំទ្រពេញទំហឹង ព្រោះវាគឺជារឿងដែលសមស្របបំផុត។ ពួកយើងមានថវិកានៅត្រៀមស្រេច ហើយអ្នកណាក៏បានដែរ ជួយពន្យល់ខ្ញុំបន្តិច ហេតុអីយើងអាចប្រើប្រាស់លុយរបស់អាហ្វហ្គានីស្ថាន តែមិនអាចប្រើប្រាស់លុយរុស្ស៊ី”៕
ប្រភព: Telegraph