នាយករដ្ឋមន្ត្រីស្រីលង្កា សម្រេចចិត្តលាលែងពីតំណែង ក្រោយប្រទេសជាប់គាំងសេដ្ឋកិច្ចធ្ងន់ធ្ងរ

អន្តរជាតិ

នាយករដ្ឋមន្ត្រីស្រីលង្កា លោក Mahinda Rajapaksa សម្រេចចិត្តលាលែងពីតំណែង ខណៈការតវ៉ាទ្រុងទ្រាយធំបន្តកើតមាន ក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់រដ្ឋាភិបាលលោក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០៩ ខែឧសភា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពពីក្រុមមន្ត្រីបានឱ្យដឹងថា ការសម្រេចនេះបានកើតឡើង នៅពេលដែលប្រទេសដីកោះមួយនេះ ត្រូវបានដាក់នៅក្រោមបម្រាមគោចរ បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយហិង្សារវាងអ្នកគាំទ្រ លោក Mahinda Rajapaksa និងក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលនៅទីក្រុងកូឡុំបូ។

អ្នកនាំពាក្យរបស់លោកបាននិយាយថា៖ «លោក Rajapaksa ដែលមានអាយុ ៧៦ឆ្នាំបានផ្ញើលិខិតលាលែងពីតំណែងទៅកាន់ប្រធានាធិបតីស្រីលង្កាគឺលោក tabaya Rajapaksa ដែលត្រូវជាប្អូនប្រុសរបស់លោក»

ប្រទេសស្រីលង្កា កំពុងតែស្ថិតនៅក្នុងវិបតិ្តសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់ ខណៈដែលការផ្ទុះតវ៉ានានាពីក្រុមបាតុកម្ម នៅក្នុងប្រទេសប្រឆាំងទៅនឹងវិធានការដោះស្រាយវិបត្តិដែលកំពុងតែកើតឡើង។ ជាមួយគ្នានេះ ក្រុមបាតុករក៏បានតវ៉ា ទាមទារឱ្យប្រធានាធិបតី លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ចុះចេញពីតំណែងទៀតផង ។

យ៉ាងណា ប្រធានាធិបតីរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ៗថា រូបលោកនឹងមិនចុះចេញពីតំណែងនោះឡើយ ប៉ុន្តែលោកសន្យាថានឹងរិះរកវិធីសាស្រ្តគ្រប់បែបយ៉ាង ដើម្បីទាញយកប្រទេសស្រីលង្កា ឱ្យចេញពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនេះវិញ។

ទន្ទឹមនឹងនោះ កាលពីខែមេសាកន្លងទៅ មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ ហៅកាត់ IMF បានពិចារណា​ក្នុង​ការ​ផ្ដល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​រហរហ័សៅកាន់​ប្រទេស​ដែល​កំពុង​ជាប់​បំណុល​វ័ណ្ឌក​ស្រីលង្កា ក្រោយ​មាន​ការ​សម្របសម្រួល​ពី​អ្នក​តំណាង​ឥណ្ឌា។

ប្រទេសឥណ្ឌា ក៏បានសន្យាថានឹងផ្តល់ជំនួយហិរញ្ញវត្ថុចំនួន ៥០០ លានដុល្លារ បន្ថែមទៀត ដល់ប្រទេសស្រីលង្កា ដើម្បីអាចឱ្យប្រទេសដែលកំពុងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរមួយនេះ អាចមានលទ្ធភាពចំណាយ លើការទិញប្រេង។

ដោយឡែក ប្រទេសបង់ក្លាដែសក៏មានឆន្ទ: អនុញ្ញាតឱ្យស្រីលង្កា ធ្វើការពន្យាពេលក្នុងការសងត្រលប់មកវិញ នូវហិរញ្ញប្បទាន ចំនួន ៤៥០ លានដុល្លារ ផងដែរ។

រដ្ឋមន្ត្រីការបរទេសស្រីលង្កា លោក G L Peiris បាននិយាយថា ” ជំនួយរបស់ IMF នឹងត្រូវចំណាយពេលប្រហែល ៦ ខែ ទើបបានមកដល់ដៃរបស់យើង ហើយជំនួយនេះនឹងអាចជួយយើងបានមួយផ្នែកធំ ។ ប៉ុន្តែនៅក្នុងអំឡុងពេល​អន្តរាគមន៍​នេះ យើងចាំបាច់ត្រូវតែស្វែងរកមូនិធិបន្ថែមទៀត ដើម្បីធានាជូនប្រជាជនយើង នូវការផ្គត់ផ្គង់ សម្រាប់​សម្ភារ​ចាំបាច់ ” ។

បញ្ជាក់ផងដែរថា ប្រទេសស្រីលង្កា បានប្រឈមមុខជាមួយនឹងវិបត្តិសេដ្ឋកិច្ចកាន់តែអាក្រក់ទៅ ពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលទំនិញចាំបាច់ជាច្រើន ដូចជា ប្រេង ស្បៀអាហារ ថ្នាំពេទ្យ និងរួមទាំងអគ្គិសនីផងនោះ កំពុងតែមានភាពខ្វះខាតខ្លាំង៕