អ្នកណាៗក៏ដឹងដែរថា Tesla គឺជាក្រុមហ៊ុនជោគជ័យបំផុតមួយលើពិភពលោក ដោយវាគឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីទទួលបានការគាំទ្រខ្លាំងបំផុតនាពេលបច្ចុប្បន្ន។
ក្រៅពីជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីជោគជ័យបំផុត Tesla ក៏ជាក្រុមហ៊ុនដែលមានមូលធនទីផ្សារធំបំផុតលើលោកមួយផងដែរ ពោលគឺមានតម្លៃដល់ទៅ ៩០០ ពាន់លានដុល្លារឯណោះ ខណៈក្រុមហ៊ុនដែលមានមូលធនទីផ្សារធំបំផុតដាច់គេគឺ Apple មាន ២,៦ ទ្រីលានដុល្លារ។
ប៉ុន្តែមុននឹងឈានមកដល់ចំណុចមួយនេះ មេធំ Elon Musk ធ្លាប់បានស្នើលក់ Tesla ទៅឲ្យក្រុមហ៊ុន Google កាលពីឆ្នាំ ២០១៣ ជាមួយតម្លៃទាបបំផុតពោល គឺ CEO ម្នាក់នេះចង់បានត្រឹមតែ ៦ ពាន់លានដុល្លារប៉ុណ្ណោះពីការលក់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី។
វាប្រហែលជារឿងដែលស្ទើរតែមិនជឿ ប៉ុន្តែនៅឆ្នាំ ២០១៣ Tesla គឺកំពុងជួបប្រទះបញ្ហាធ្ងន់ធ្ងរខ្លាំងផ្នែកសង្វាក់ផលិតកម្ម ដែលបណ្ដាលឲ្យការផលិតមានការកកស្ទះ និងតម្រូវឲ្យ Musk បង្ខំចិត្តបិទរោងចក្របណ្ដោះអាសន្ន ក៏ដូចជាកាត់បន្ថយកម្លាំងពលកម្មមួយចំនួនដើម្បីរិះរកដំណោះស្រាយចំពោះបញ្ហាដែលបានកើតមាន។
ទាល់ខ្លាំងមែនទែន Elon Musk បានរត់ទៅរក Larry Page សហស្ថាបនិក Google ដែលកាលនោះនៅកាន់តំណែងជា CEO នៅឡើយ ដើម្បីជួបពិភាក្សាចរចាលក់ក្រុមហ៊ុន Tesla។ ក្រោយជួបពិភាក្សាអស់ជាច្រើនម៉ោង មហាសេដ្ឋីអាមេរិកចង់បាន ៦ ពាន់លានដុល្លារ ស្របពេល Larry ហ៊ានចាយត្រឹម ៥ ពាន់លានដុល្លារ។
សំណាងល្អការចរចាមិនបានសម្រេច ហើយចុងក្រោយបញ្ហារបស់ Tesla ត្រូវបានដោះចេញ ខណៈការលក់ក៏កើនឡើងជាលំដាប់រហូតដល់តម្លៃហ៊ុនរបស់ពួកគេកើនខ្ពស់ ដល់ថ្នាក់ភាគហ៊ុន ១៧% របស់ Elon Musk មានតម្លៃប្រហែល ១៥០ ពាន់លានដុល្លារនាពេលបច្ចុប្បន្ន៕
ប្រភព: Celebritynetworth