កាលពីថ្ងៃទី ០៩ ឧសភាកន្លងទៅ តម្លៃហ៊ុនរបស់ក្រុមហ៊ុនប្រេង Saudi Arabian Oil Co. មានការហក់ឡើងខ្លាំងបំផុតមិនធ្លាប់មាន រហូតធ្វើឲ្យតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនមួយនេះ ស្ទើរតែស្មើនឹងក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោក។

បច្ចុប្បន្នតម្លៃឥន្ធនៈមានការកើនឡើងខ្លាំង ដែលធ្វើឲ្យភាគហ៊ុននៃក្រុមហ៊ុនប្រេងស្ទើរទូទាំងពិភពលោកសុទ្ធតែមានការកើនឡើង ជាក់ស្ដែងមហាសេដ្ឋីឥណ្ឌា Mukesh Ambani ក៏ទទួលបានផលចំណេញពីការលក់ប្រេងរាប់លានដុល្លារផងដែរកាលពីពេលកន្លងទៅ។

ក្រឡេកមកមើលតម្លៃមូលធនទីផ្សារនៃក្រុមហ៊ុនថ្លៃៗបំផុតលើលោកវិញ គឺ Apple នៅតែបន្តឈរជើងជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោកតាំងពីឆ្នាំ ២០២០ មក ខណៈបច្ចុប្បន្នតំណែងមួយនេះកំពុងតាមកាន់តែកៀកនឹងរបូតទៅក្នុងដៃនៃក្រុមហ៊ុននៅមជ្ឈិមបូព៌ាខាងលើ។

ខាងក្រោមគឺជាក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតលើលោកទាំង ៧៖
- Apple មានតម្លៃមូលធនទីផ្សារ ២,៦ ទ្រីលានដុល្លារ
- Aramco មានតម្លៃមូលធនទីផ្សារ ២,៤៥ ទ្រីលានដុល្លារ
- Microsoft មានតម្លៃមូលធនទីផ្សារ ១,៩៨ ទ្រីលានដុល្លារ
- Alphabet មានតម្លៃមូលធនទីផ្សារ ១,៤៨ ទ្រីលានដុល្លារ
- Amazon មានតម្លៃមូលធនទីផ្សារ ១,១១ ទ្រីលានដុល្លារ
- Tesla មានតម្លៃមូលធនទីផ្សារ ៨១៥,៤៥ ពាន់លានដុល្លារ
- Berkshire Hathaway មានតម្លៃមូលធនទីផ្សារ ៦៩២,០៨ ពាន់លានដុល្លារ
ប្រភព: Gulfbusiness