ស្ពានកញ្ចក់ហាក់ទទួលបានការនិយមខ្លាំងចំពោះភ្ញៀវទេសចរណ៍ ជាពិសេសស្ពានប្រភេទនេះភាគច្រើនតែងប្រទះឃើញនៅប្រទេសចិន ដែលត្រូវបានគេទទួលស្គាល់ថា ជាប្រទេសមានអរិយធម៌ខ្លាំងលើវិស័យសំណង់ដ៏អស្ចារ្យជាច្រើន។

យ៉ាងណា ថ្មីៗនេះប្រទេសជិតខាងកម្ពុជា គឺវៀតណាមបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅស្ពានកញ្ចក់មួយខ្សែដែលមានប្រវែងប្រមាណ ២ ០៧៣ ហ្វីត ឬប្រហែល ៦៣១ ម៉ែត្រ ដែលត្រូវបានគេចាត់ទុកថា ជាស្ពានកញ្ចក់វែងបំផុតលើលោកនាពេលបច្ចុប្បន្ន។

ស្ពានមួយខ្សែដែលបានលេចវត្តមាននៅកោះ Bach Long គឺមានរយៈកម្ពស់ប្រហែល ១៥០ ម៉ែត្រពីដី ហើយបើដើរពីលើស្ពាន នោះគឺប្រៀបដូចជាកំពុងដើរលេងមេឃដែលមានព្រៃក៏ក្រាស់ពីក្រោមអញ្ចឹង។

វាត្រូវបានកសាងឡើងដោយកញ្ចក់ដ៏មាំផលិតឡើងនៅប្រទេសបារាំង ដែលអាចទ្រមនុស្សបាន ៤៥០ នាក់ក្នុងពេលតែមួយ ខណៈចំនួនមួយនេះគឺពិតជាមិនតិចឡើយ ដ្បិតមិនមែនគ្រប់គ្នាសុទ្ធតែក្លាហានហ៊ានដើរឆ្លងស្ពានដ៏ព្រឺព្រួចមួយនេះឡើយ។

ចំពោះតម្លៃនៃការសាងសង់ស្ពានកញ្ចក់វែងបំផុតលើលោកមួយខ្សែនេះវិញ គឺមិនត្រូវបានទម្លាយឲ្យដឹងឡើយ ស្របពេលលឺល្ហៀងៗមកថា សាធារណរដ្ឋឆែកកំពុងសាងសង់ស្ពានកញ្ចក់ដែលមានប្រវែងវែងជាងវៀតណាមទៀត ប៉ុន្តែមិនទាន់ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឡើយ៕
ប្រភព: Luxurylaunches