ទោះរដ្ឋបាត់ចំណូលជិត ៥០០ លានដុល្លារ តែនាយករដ្ឋមន្ត្រីថៃ គ្រោងឧបត្ថម្ភធនលើតម្លៃប្រេងម៉ាស៊ូត បន្តទៀត

អន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាល ទំនងជានឹងបន្តកម្មវិធីឧបត្ថម្ភធន លើតម្លៃប្រេងម៉ាស៊ូត ខណ:វិធានការបច្ចុប្បន្ន នឹងត្រូវបញ្ចប់នៅថ្ងៃទី ២០ ខែឧសភា ខាងមុខហើយ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង លោក Prayut បានលើកឡើងថា ការសម្រេចចិត្តរបស់គណ:រដ្ឋមន្ត្រី ក្នុងការកាត់បន្ថយពន្ធ លើការគិតថ្លៃប្រេងម៉ាស៊ូតក្នុងមួយលីត្រ ចំនួន ៣ បាត គឺបានធ្វើឱ្យរដ្ឋខាតបង់ប្រាក់ចំណូលប្រមាណ ៥,៧ ពាន់លានបាតក្នុងមួយខែៗ ចាប់តាំងពីវិធានការនេះ ត្រូវបានអនុវត្ត កាលពីខែ ៣ មុន ខណ:ដែលធ្វើឱ្យបាត់បង់ប្រាក់ចំណូលសរុបប្រហែល ១៧ ពាន់លានបាត ឬជិត ៥០០ លានដុល្លារអាមេរិក ។

លោកឧត្តមសេនីយ Prayut បានបន្ថែមទៀតថា ដោយសារតែតម្លៃប្រេងម៉ាស៊ូត មានការកើនឡើងតម្លៃខ្ពស់ ដែលវាបានធ្វើឱ្យជះឥទ្ធិពល លើផលិតផលជាច្រើនទៀត រួមទាំងប្រេងចម្អិនអាហារ ចំណីសត្វ និងជីផងដែរ ខណ:គណ:រដ្ឋមន្ត្រី គ្រោងនឹងរក្សាការកាត់បន្ថយពន្ធនេះបន្តទៀត ដើម្បីជួយកាត់បន្ថយផលប៉ះពាល់ នៃអតិផរណា ដែលបានកើនឡើង ក្នុងស្រុក ។

លើសពីនេះ នាយករដ្ឋមន្ត្រីរូបនេះ បាននិយាយថា ព័ត៌មានលម្អិតបន្ថែម នឹងត្រូវសម្រេចដោយក្រសួងថាមពល និងហិរញ្ញវត្ថុ មុនពេលគណ:រដ្ឋមន្ត្រីអនុម័តវិធានការបន្ថែម និងកែសម្រួល មុនកាលបរិច្ឆេទបច្ចុប្បន្ននៃវិធានការនេះ ត្រូវអស់សុពលភាព នៅសប្តាហ៍ក្រោយ ។

បន្ថែមពីនេះ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងថាមពល លោក Supattanapong Punmeechaow បាននិយាយថា ដើម្បីរក្សាបាននូវការទប់ស្កាត់តម្លៃលក់រាយប្រេងម៉ាស៊ូត ក្រសួងថាមពល បានផ្តល់ទិន្នន័យចាំបាច់ ដល់ក្រសួងហិរញ្ញវត្ថុរួចរាល់ហើយ ដើម្បីគណនាថា តើនឹងត្រូវបន្តកាត់បន្ថយពន្ធ សម្រាប់រយ:ពេលប៉ុន្មានទៀត ។

មិនតែប៉ុណ្ណោះ លោក Supattanapong​​ បានបន្តទៀតថា ក្រសួងហិរញ្ញវត្ថុ នឹងបញ្ជូនសំណើទាក់ទងនឹងវិធានការឧបត្ថម្ភធនសម្រាប់តម្លៃប្រេងម៉ាស៊ូតនេះ ទៅកាន់គណ:រដ្ឋមន្រ្តី ដើម្បីធ្វើការពិចារណា នៅថ្ងៃទី ១៧ ខែឧសភា ខាងមុខ ៕

ប្រភព: Bangkok Post