មហាសេដ្ឋី Ken Griffin ចាយ​លុយ ៨ លាន​ដុល្លារ​ទិញ​សំបុត្រ​យាន​អវកាស​ជូន​គ្រូ​បង្រៀន ២ រូប

អន្តរជាតិ

កាលពី​ថ្ងៃច័ន្ទ​កន្លង​ទៅ ការ​ដាក់ដេញ​ថ្លៃ​សំបុត្រ​ទៅ​ទស្សនា​លំហ​អាកាស​របស់​ក្រុមហ៊ុន Blue Origin បាន​ប្រព្រឹត្ត​ឡើង ហើយ​មហាសេដ្ឋី Ken Griffin ក៏​បាន​យក​ដេញ​ថ្លៃ​ទិញ​បាន ២ កៅអី​នៅ​ក្នុង​កម្មវិធី​មួយ​នោះ​ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា កៅអី​សម្រាប់​យាន​អវកាស​ខាងលើ​គឺ​នឹង​មិន​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ឡើយ ពោល​គឺ​មហាសេដ្ឋី​អាមេរិក​រូបនេះ​នឹង​បរិច្ចាគ​ឱកាស​មាស​ខាងលើ ទៅ​កាន់​គ្រូបង្រៀន​ ២​ រូប​នៅ​ទីក្រុង New York។

បើ​យោង​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​អ្នករៀបចំ​កម្មវិធី​ដែល​បាន​ទម្លាយ​ទៅ​កាន់ FOX Business បាន​ឲ្យ​ដឹង​ថា ស្ថាបនិក Citadel Securities បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ប្រមាណ ៨ លាន​ដុល្លារ ចំពោះ​ការ​ដេញ​ថ្លៃ​ខាងលើ។

ដោយឡែក ចំពោះ​ការប្រគល់​រង្វាន់​កៅអី​ទៅ​ទស្សនា​លំហអាកាស​នេះ​វិញ គឺ​នឹង​រៀបចំ​ឡើង​តាម​ការ​សហការ​រវាង​អង្គការ Robin Hood និង​នាយកដ្ឋាន​អប់រំ​នៃ​ទីក្រុង​ញូវយ៉ក​ ក្នុងការ​ជ្រើសរើស​គ្រូបង្រៀន ២ រូប​នោះ ខណៈ​ការ​ប្រកាស​នឹង​ធ្វើឡើង​នា​ពេល​ឆាប់ៗ​ខាងមុខ។

បញ្ជាក់​ដែរ​ថា ចំពោះ​កាលបរិច្ឆេទ​នៃ​ការ​ហោះហើរ​មួយ​នោះ​វិញ គឺ​មិនទាន់​ចេញ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ​គ្រាន់តែ​ត្រូវ​បាន​បង្ហើប​ត្រួសៗ​ថា អាច​នឹង​ចេញដំណើរ​នៅ​ពាក់កណ្ដាល​ឆ្នាំ ២០២៣៕

ប្រភព: Foxbusiness