យ៉ាងហោចណាស់មនុស្សប្រហែល ៤,៨ លាន ត្រូវបានបាត់បង់ការងារ នៅក្នុងប្រទេសអ៊ុយក្រែន ពោលគឺចាប់តាំងពីមានការលុកលុយរបស់រុស្ស៊ី នៅក្នុងខែកុម្ភ:មក។ ជាក់ស្តែងជម្លោះនេះ បានបណ្តាលឱ្យអាជីវកម្មជាច្រើនត្រូវបិទទ្វារ រួមទាំងទំនិញមិនអាចនាំចេញបាន និងបានជំរុញឱ្យមនុស្សរាប់លាននាក់ ត្រូវភៀសខ្លួនផងដែរ ។ នេះបើតាម អង្គការពលកម្មអន្តរជាតិ (ILO) បាននិយាយកាលពីថ្ងៃពុធ សប្តាហ៍នេះ ។
មិនតែប៉ុណ្ណោះ ILO បាននិយាយ នៅក្នុងការសិក្សាមួយថា អត្រាបាត់បង់ការងារមានប្រហែល ៣០% នៃកម្លាំងការងារសរុបរបស់អ៊ុយក្រែន មុនពេលមានការលុកលុយ ហើយវាអាចនឹងកើនឡើងដល់ ៧ លាននាក់ ប្រសិនបើស្ថានភាពសង្គ្រាម នៅតែបន្ត ។
លើសពីនេះ បញ្ហាសង្គ្រាមនេះ ក៏បានធ្វើឱ្យមានភាពអត់ការងារធ្វើ នៅក្នុងប្រទេសជិតខាង ដែលទទួលជនភៀសខ្លួនរាប់លាននាក់ពីអ៊ុយក្រែន ក៏ដូចជាបានប៉ះពាល់ដល់សេដ្ឋកិច្ចនៅតំបន់អាស៊ីកណ្តាល ស្របពេលពលករចំណាកស្រុកនៅក្នុងប្រទេសរុស្ស៊ី បានបាត់បង់ការងាររបស់ពួកគេ ហើយបានវិលត្រលប់មកកាន់ស្រុកកំណើតវិញ ។
គួរឱ្យដឹងថា ប្រទេសជិតខាងអ៊ុយក្រែន ដូចជាប៉ូឡូញ និងរូម៉ានី បានទទួលជនភៀសខ្លួនច្រើនបំផុត ដែលត្រូវបានគេប៉ានស្មានថា មានចំនួន ១,២ លាននាក់ ដែលសុទ្ធសឹងតែជាអ្នកបំពេញការងារ មុនពេលមានការឈ្លានពាន ។
បញ្ជាក់ផងដែរថា កងកម្លាំងរបស់ប្រទេសរុស្ស៊ី បានវាយលុកទីក្រុងនានារបស់អ៊ុយក្រែន ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងថែមទាំងបានបង្ខំឱ្យមនុស្សជាង ៥ លាននាក់ ដែលភាគច្រើនជាស្រ្តី កុមារ និងមនុស្សចាស់ ត្រូវរត់ភៀសខ្លួន ដែលនេះហើយ អាចបណ្តាលឱ្យសេដ្ឋកិច្ចរបស់អ៊ុយក្រែន អាចធ្លាក់ចុះយ៉ាងហោចណាស់ មួយភាគបី នៅឆ្នាំ ២០២២ នេះ ៕
ប្រភព: Money US