តម្លៃភាគហ៊ុនក្រុមហ៊ុនរបស់សាច់ញាតិ លោក Marcos កើនឡើងខ្លាំង ក្រោយជាប់ឆ្នោតប្រធានាធិបតីហ្វីលីពីន

អន្តរជាតិ

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន ដែលមានម្ចាស់ជាប់ឈាមជាមួយ លោក Ferdinand Marcos Jr បានកើនឡើងខ្លាំង នៅក្នុងសប្តាហ៍នេះ បន្ទាប់ពីការឈ្នះឆ្នោតជាប្រធានាធិបតីហ្វីលីពីនថ្មី ស្របពេលអ្នកវិភាគ បាននិយាយថា បណ្តាក្រុមហ៊ុនទាំងនោះ អាចនឹងទទួលបានផលប្រយោជន៍ច្រើន ក្រោយពេលការចូលកាន់តំណែងនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ភាគហ៊ុនរបស់ក្រុមហ៊ុនយ៉ាងហោចណាស់ ៣ ដែលជាកម្មសិទ្ធិរបស់សាច់ញាតិ ឬមិត្តភក្តិរបស់ លោក Marcos បានកើនឡើង ក្នុងអត្រាពីរខ្ទង់ ចាប់តាំងពីមានការបោះឆ្នោត កាលពីថ្ងៃចន្ទ ខណ:លោក Marcos បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី ។

គួរឱ្យដឹងថា ក្រុមហ៊ុន Araneta Properties Inc និង Philweb Corp ដែលមានប្រធាន ជាប្អូនថ្លៃរបស់លោក Marcos នោះ បានមើលឃើញពីតម្លៃភាគហ៊ុនរបស់ពួកគេ កើនឡើងដល់ ៤៥% និង ១៣% នៅក្នុងរយ:ពេលជួញដូរហ៊ុន ពីរថ្ងៃកន្លងមកនេះ ។

ដោយឡែក ភាគហ៊ុនរបស់ Prime Media Holdings ដែលជាក្រុមហ៊ុន កាន់កាប់ដោយបងប្អូនជីដូនមួយ របស់លោក Marcos វិញ បានកើនឡើង ២៨% ខណ:ក្រុមហ៊ុន DITO CME Holdings ដែលជាកម្មសិទ្ធិរបស់សហការី និងជាអ្នករួមចំណែកក្នុងយុទ្ធនាការបោះឆ្នោតកន្លងមក បានកើនឡើងដល់ ១២,៤% ។

យ៉ាងណាជុំវិញការកើនឡើងនេះ លោក Carlos Temporal ដែលជាអ្នកវិភាគស្រាវជ្រាវសមធម៌ នៅក្នុងក្រុមហ៊ុន AP Sesurities ក្នុងទីក្រុងម៉ានីល បាននិយាយថា ការកើនឡើងតម្លៃភាគហ៊ុន ដែលកើតឡើងក្រោយការបោះឆ្នោត គឺដោយសារតែមានការរំពឹងទុកថា រដ្ឋបាលរបស់លោក Marcos នឹងអាចផ្តល់ជូននូវបរិយាកាសអំណោយផល សម្រាប់ក្រុមហ៊ុនទាំងនោះ នៅក្នុងការបន្តគម្រោង ឬបទប្បញ្ញត្តិបន្ធូរបន្ថយណាមួយ ៕

ប្រភព: Finance-yahoo